រដ្ឋបាលខេត្តព្រះសីហនុ មានមោទកភាពក្នុងការបង្ហាញជូនសាធារណជន និងវិនិយោគិនជាតិ-អន្តរជាតិ អំពីតួនាទីដ៏សំខាន់នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា។

កំពង់ផែនេះមិនត្រឹមតែជាមោទកភាពរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាច្រកទ្វារសេដ្ឋកិច្ចដ៏មានយុទ្ធសាស្ត្របំផុត ដែលតភ្ជាប់ពាណិជ្ជកម្មកម្ពុជាផ្ទាល់ទៅកាន់ទីផ្សារពិភពលោក។

អនុលោមតាមចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព រដ្ឋបាលខេត្តព្រះសីហនុសូមបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្ររាល់ការអភិវឌ្ឍបន្ថែម និងការពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យកាន់តែទំនើប និងមានលក្ខណៈស្តង់ដារអន្តរជាតិ។

កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ គឺជាចំណុចស្នូលនៃការដោះដូរទំនិញ និងភស្តុភារកម្ម ដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ការនាំចេញ-នាំចូល។ ការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តបានបន្តផ្តល់ការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចគំរូ។

ដើម្បីស្វាគមន៍ការវិនិយោគ រដ្ឋបាលខេត្តក៏បានបើកចំហរ និងទទួលយ៉ាងកក់ក្តៅចំពោះវិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានបំណងមកវិនិយោគលើវិស័យភស្តុភារកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម។

រដ្ឋបាលខេត្តព្រះសីហនុជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងទីតាំងភូមិសាស្ត្រដ៏មានសក្តានុពល បូករួមនឹងការគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាល ខេត្តព្រះសីហននឹងក្លាយជា “មជ្ឈមណ្ឌលសេដ្ឋកិច្ច និងភស្តុភារកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន” នាពេលអនាគតដ៏ខ្លីខាងមុខ។

Share.