បាត់ដំបង÷ អាជ្ញាធរខេត្តបាត់ដំបង បានប្រគល់ផ្ទះចំនួន ៩ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់អតីតយុទ្ធជនក្នុងស្រុកបវេល និងស្រុកថ្មគោល។

លើកឡើងក្នុងឱកាសនេះ ឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់មិនអាចកាត់ថ្លៃក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ពិសេសធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនដល់សព្វថ្ងៃ។

ឯកឧត្តម សុខ លូ បានជំរុញរម្លឹកដល់អាជ្ញាធរ មន្ត្រីបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានល្អប្រសើរ។

ឯកឧត្តមក៏បានណែនាំដល់អតីតយុទ្ធជនទាំងអស់ត្រូវថែរក្សាសុខភាព ខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងបានផ្ដល់អំណោយនូវគ្រឿងឧបភោគបរិភោគ ពូជមាន់ ទា ដល់អតីតយុទ្ធជនផងដែរដើម្បីសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ៕
អត្ថបទ: ដំបងក្រញូង

