បាងកក៖ ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ កំពុងក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំងឡើងវិញ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយចំណាយពេលអនុវត្តទោសអស់រយៈពេល ២៤៣ ថ្ងៃ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរឃុំឃាំង ក្រោមការទទួលស្វាគមន៍ពីក្រុមគ្រួសារ និងក្រុមអ្នកគាំទ្រយ៉ាងច្រើនកុះករដែលបានមកជួបជុំគ្នានៅមុខក្លោងទ្វារពន្ធនាគារ។ វត្តមានរបស់លោក ត្រូវបានគេមើលឃើញថាជា ការវិលត្រឡប់មកវិញនៃ «តួអង្គសំខាន់» ក្នុងឆាកនយោបាយថៃ ទោះបីជាលោកមិនមានតំណែងផ្លូវការក៏ដោយ។

យ៉ាងណា ការដោះលែងនេះ ត្រូវបានអ្នកវិភាគមើលឃើញថា នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិវត្តនៃសង្គមនយោបាយថៃនាពេលខាងមុខដោយសារ ក្នុងនាមជាមេដឹកនាំស្រមោល និងជាបង្គោលគ្រឹះនៃគណបក្សភឿថៃ វត្តមានរបស់លោក ថាក់ស៊ីន នឹងជួយបង្កើនទំនុកចិត្តដល់សមាជិកបក្ស និងការរៀបចំយុទ្ធសាស្ត្រនយោបាយឱ្យកាន់តែរឹងមាំ។ ការដោះលែងលោក ថាក់ស៊ីន អាចជាសញ្ញានៃការសម្របសម្រួលគ្នារវាងក្រុមអ្នកនយោបាយស៊ីវិល និងក្រុមអភិរក្សនិយម ដើម្បីរក្សាស្ថិរភាពនយោបាយ និងទប់ទល់នឹងការរីកសាយភាយឥទ្ធិពលនៃគណបក្សប្រឆាំងថ្មីៗ។ អ្នកគាំទ្ររំពឹងថា គំនិត និងយុទ្ធសាស្ត្រ «Thaksinomics» អាចនឹងត្រូវយកមកប្រើប្រាស់ដោយប្រយោល ដើម្បីជួយស្តារសេដ្ឋកិច្ចថៃដែលកំពុងប្រឈមនឹងបញ្ហា។

ទោះជាយ៉ាងណា ការវិលត្រឡប់មកវិញនេះ ក៏អាចបង្កឱ្យមានរលកនៃការរិះគន់ពីក្រុមអ្នកប្រឆាំង ដែលយល់ថា ប្រព័ន្ធយុត្តិធម៌មានការអនុគ្រោះដល់អ្នកមានអំណាច ដែលនេះអាចជាចំណុចកម្តៅថ្មីមួយទៀតសម្រាប់ការតវ៉ានៅលើដងផ្លូវនាពេលអនាគត។
ជារួម សង្គមនយោបាយថៃកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលវត្តមានរបស់លោក ថាក់ស៊ីន នឹងក្លាយជា កាតាលីករដ៏សំខាន់ក្នុងការកំណត់ទិសដៅរដ្ឋាភិបាល និងការបោះឆ្នោតនាពេលខាងមុខ៕

