ពាក្យថា «ខ្មែរធ្វើបាន ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ខ្មែររីកចម្រើន» គឺជាស្មារតីស្នូលដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំងក្លា តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia។
ក្រោមការសម្របសម្រួលយ៉ាងសកម្មពីក្រសួងពាណិជ្ជកម្ម យុទ្ធនាការនេះបានក្លាយជាចលករដ៏មានឥទ្ធិពល ក្នុងការផ្លាស់ប្តូរមុខមាត់ផលិតផលក្នុងស្រុក ឱ្យមានវត្តមានយ៉ាងរឹងមាំនៅលើទីផ្សារទំនើបៗ និងម៉ាតជាង ៤០០ ទីតាំង ទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

ប្រសិនបើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រនៃចលនាគាំទ្រផលិតផលជាតិ យើងមិនអាចបំភ្លេចបានឡើយនូវមេរៀនដ៏មានតម្លៃក្នុងកំឡុងពេលមានវិវាទព្រំដែនកម្ពុជា-ថៃបានឡើយ។ នៅពេលនោះ ការប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីពីសំណាក់ភាគីអ្នកជិតខាង បានក្លាយជា «ឱកាសមាសប្រាក់ក្នុងវិបត្តិ» សម្រាប់កម្ពុជា។ ចរន្តនៃការធ្វើពហិការមិនប្រើប្រាស់ទំនិញនាំចូលពីប្រទេសថៃ បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលស្នាដៃកូនខ្មែរយ៉ាងច្រើនកុះករ និងមានសន្ទុះខ្លាំងក្លាមិនធ្លាប់មាន។
ក្នុងស្មារតីសាមគ្គីភាពនាពេលនោះ បានក្លាយជាកម្លាំងចិត្តយ៉ាងមហិមាដល់ផលិតករក្នុងស្រុក ឱ្យខិតខំបង្កើនសមត្ថភាពផលិត និងពង្រឹងគុណភាពទំនិញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ជាពិសេសការផ្តោតលើសុវត្ថិភាព និងសុខភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ នេះគឺជាចំណុចចាប់ផ្តើមដែលធ្វើឱ្យយើងដឹងថា ការពឹងផ្អែកលើដង្ហើមខ្លួនឯង គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ឯករាជ្យភាពសេដ្ឋកិច្ចជាតិ។
ដើម្បីបន្តស្មារតីគាំទ្រផលិតផលជាតិ យុទ្ធនាការ #MadeInCambodia នាពេលបច្ចុប្បន្ន បានដើរតួនាទីជាបេសកកម្មលើកកម្ពស់តម្លៃស្នាដៃខ្មែរតាមរយៈយុទ្ធសាស្ត្រសំខាន់ៗ៖
- ពង្រឹងភាពម្ចាស់ការលើទីផ្សារ សម្ដៅលើការមានវត្តមានក្នុងផ្សារទំនើបធំៗបង្ហាញថា ផលិតផលខ្មែរលែងជាផលិតផលដែលគ្រាន់តែ “ជួយទិញ” ទៀតហើយ ប៉ុន្តែជាផលិតផលដែលមានគុណភាព និងសោភ័ណភាពពិតប្រាកដ។
- ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសុខុមាលភាព នោះគឺមានន័យថា រាល់ការគាំទ្រផលិតផលក្នុងស្រុក គឺជាការផ្ដល់កម្លាំងចិត្តដល់កសិករ និងសហគ្រិនឱ្យបន្តផលិតនូវទំនិញដែលប្រកបដោយគុណធម៌ និងសុវត្ថិភាពខ្ពស់សម្រាប់ពលរដ្ឋខ្លួនឯង។
- ការដាស់ស្មារតីស្នេហាជាតិ ដោយយុទ្ធនាការនេះជាសារដាស់តឿនយើងថា ការស្រឡាញ់ជាតិ គាំទ្រផលិតផលជាតិ គឺចាប់ផ្តើមចេញពីសកម្មភាពសាមញ្ញៗបំផុត គឺការប្រើប្រាស់ផលិតផលដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ។

សូមជម្រាបថា តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia សម្រេចបានភាពជោគជ័យយ៉ាងខ្លាំងក្លានៅតាមបណ្តាផ្សារទំនើប និងម៉ាតទូទាំងប្រទេសនេះ ហើយបាននាំមកនូវសក្ខីភាពនៃភាពរឹងមាំផ្អែកសេដ្ឋកិច្ចជាតិ។ ជារួមគឺយើងរៀនសូត្រពីអតីតកាល ដើម្បីកសាងបច្ចុប្បន្នកាលឱ្យកាន់តែរឹងមាំ។ នៅពេលដែលយើងរួមគ្នាផ្តល់តម្លៃឱ្យ «ផលិតផលជាតិ» យើងមិនត្រឹមតែជួយឱ្យសេដ្ឋកិច្ចសង្គមមានចីរភាពប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាកសាងមោទកភាពជាតិឱ្យកាន់តែរុងរឿងលើឆាកអន្តរជាតិ៕
ជាចុងក្រោយ សារព័ត៌មានត្រយងមានពាក្យមួយឃ្លាសូមចាំថា ៖ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ ដើម្បីជាតិកម្ពុជាដ៏រឹងមាំ!

