ស្វាយរៀង៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតថ្នាំញៀនសរុបជាង៧គីឡូក្រាម។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន។

ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ចុះបង្ក្រាបករណីនេះនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យទាំង៥នាក់ ជាជនជាតិវៀតណាម ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ រក្សាទុក កែច្នៃ ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ សារធាតុញៀនសរុប ៧,៧០២.០៤ក្រាម, ជញ្ជីងថ្លឹង ២គ្រឿង, គ្រាប់កាំភ្លើងខ្លី ៤គ្រាប់, ទូរស័ព្ទដៃ ៥គ្រឿង, ម៉ូតូ ១គ្រឿង, និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ចតុម្មុខ

Share.