ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ និងឃាត់ខ្លួនបានចំនួន២នាក់ នៅខណ្ឌដង្កោ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៣៖០៧នាទី ទៀបភ្លឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ សុំអន្តរាគមន៍ករណីក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវ។

ក្រោយទទួលព័ត៌មាន កម្លាំងអាវុធហត្ថក្នុងមូលដ្ឋានខណ្ឌដង្កោ បានចុះទៅដល់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ និងធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ភ្លាមៗ។

សមត្ថកិច្ចបាននាំយុវជនទាំង២នាក់ទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ដែលអាចប៉ះពាល់ដល់ការសិក្សា កិត្តិយសគ្រួសារ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កម្លាំងអាវុធហត្ថក៏បានដកហូតម៉ូតូចំនួន១គ្រឿង យកទៅរក្សាទុករយៈពេល៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

វិធានការនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យអនុវត្តវិធានការតឹងរឹងចំពោះក្មេងទំនើង ជាពិសេសសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ ដោយត្រូវរក្សាទុកម៉ូតូ៣ខែ សម្រាប់ការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើនៅបន្តប្រព្រឹត្តម្ដងទៀត៕

អត្ថបទ៖ ចតុម្មុខ

Share.