តាមរដ្ឋបាលខេត្តបន្ទាយមានជ័យនាពេលថ្មីៗនេះបានឱ្យដឹងថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំយុទ្ធនាការការងារយ៉ាងសំខាន់មួយ ស្តីពីការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់ជុំវិញខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានរាយការណ៍សង្ខេបជូនអង្គពិធីអំពីសកម្មភាពដែលរដ្ឋបាលខេត្តកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការជំរុញផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

រដ្ឋបាលខេត្តក៏បានបង្កើនការរឹតបន្តឹងវិធានការរដ្ឋបាលលើការគ្រប់គ្រងជនបរទេសនៅតាមទីតាំងកាស៊ីណូ អគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មនានា ដើម្បីស្វែងរកទីតាំងដែលសង្ស័យថាមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៏បានសហការយ៉ាងស្អិតរមួតជាមួយគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាពបំផុតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានសង្កត់ធ្ងន់ថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងក្នុង និងក្រៅប្រទេស មិនត្រឹមតែប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិទៀតផង។ អាស្រ័យហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើសទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា។ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរខេត្ត ត្រូវធ្វើការបែងចែកឱ្យបានដាច់ស្រឡះរវាងជនបរទេសដែលមកធ្វើការស្របច្បាប់ និងឧក្រិដ្ឋជនដែលជ្រកក្រោមរូបភាពអាជីវកម្មដើម្បីឆបោកតាមប្រព័ន្ធអនឡាញ ដោយត្រូវត្រួតពិនិត្យឯកសារពាក់ព័ន្ធឱ្យបានម៉ឺងម៉ាត់បំផុត។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែឯកភាពគ្នាជាធ្លុងមួយក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យអស់ពីមូលដ្ឋាន។ ការអនុវត្តដោយជោគជ័យនូវយុទ្ធនាការនេះ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យដល់សន្តិសុខជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែល្អប្រសើរ និងបង្ហាញពីភាពម្ចាស់ការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នផងដែរ៕

Share.