កំពង់ធំ៖ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ និងស្តារប្រឡាយទឹក នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។




លោកបានបញ្ជាក់ថា សមិទ្ធផលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សម្រេចបានប្រមាណ ៧៥% រួមមាន ផ្លូវលំ១ខ្សែ ប្រវែង១០០០ម៉ែត្រ តភ្ជាប់ពីភូមិពោធិ៍ ភូមិចន្លុះ ទៅភូមិរលួស ភូមិតាម៉ើ និងភូមិបរវែង ដែលជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។




ជាមួយគ្នានេះ ការស្តារប្រឡាយស្រោចស្រពចំនួន២ខ្សែ ប្រវែងសរុប១៥០០ម៉ែត្រ នឹងជួយនាំទឹកពីស្ទឹងស្ទោង សម្រាប់ស្រោចស្រពដីកសិកម្ម លើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករ ក្នុងឃុំបន្ទាយស្ទោងទាំងមូល។
ក្នុងឱកាសនោះ លោក ថាំង វីយុទ្ធដា បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ព្រមទាំងសង្កត់ធ្ងន់លើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តយុទ្ធសាស្ត្រ «ពង្រឹងកម្លាំងចាស់ ពង្រីកកម្លាំងថ្មី» ដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។




ជាចុងក្រោយ លោកក៏បានចុះសួរសុខទុក្ខ និងជំរុញដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឱ្យបន្តអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អត្ថបទ÷កំពង់ធំ
