អាជ្ញាធរបានប្រកាសនាថ្ងៃច័ន្ទ នេះថា ជនជាតិអាមេរិកម្នាក់ និងស្ត្រីជនជាតិបារាំងម្នាក់ ដែលត្រូវបានជម្លៀសចេញពីនាវាទេសចរណ៍ដែលផ្ទុះការរីករាលដាលនៃវីរុស Hantavirus ដ៏កាចសាហាវ ត្រូវបានតេស្តឃើញវិជ្ជមាន ខណៈប្រតិបត្តិការដ៏ស្មុគស្មាញដើម្បីបញ្ជូនអ្នកដំណើរនៅលើនាវានោះត្រឡប់ទៅមាតុភូមិវិញកំពុងបន្តធ្វើឡើង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោកស្រី Stephanie Rist បានមានប្រសាសន៍ថា ស្ត្រីជនជាតិបារាំងម្នាក់ ក្នុងចំណោមអ្នកដំណើរ ៥នាក់ដែលបានត្រឡប់មកពីនាវា MV Hondius ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងប៉ារីស បានចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួនកាលពីយប់ថ្ងៃអាទិត្យ ហើយថ្ងៃនេះ លទ្ធផលតេស្តបានបង្ហាញថាវិជ្ជមាន។

កាលពីយប់ថ្ងៃអាទិត្យ ក្រសួងសុខាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹងថា ជនជាតិអាមេរិកម្នាក់ដែលត្រូវបានជម្លៀសចេញពីនាវា មាន «រោគសញ្ញាស្រាល» ហើយម្នាក់ទៀតត្រូវបានតេស្តឃើញវិជ្ជមានវីរុស Andes virus ដែលជាប្រភេទវីរុសក្នុងអម្បូរ Hantavirus តែមួយគត់ដែលអាចឆ្លងពីមនុស្សទៅមនុស្សបាន។
រហូតមកដល់ពេលនេះ អ្នកដំណើរ ៣នាក់ រួមមានប្តីប្រពន្ធជនជាតិហូឡង់មួយគូ និងស្ត្រីជនជាតិអាឡឺម៉ង់ម្នាក់ បានបាត់បង់ជីវិត ខណៈអ្នកដំណើរផ្សេងទៀតបានធ្លាក់ខ្លួនឈឺដោយសារជំងឺដ៏កម្រនេះ ដែលជាធម្មតាវារីករាលដាលក្នុងចំណោមសត្វកណ្តុរប៉ុណ្ណោះ។
បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយសម្រាប់វីរុស Hantavirus នេះនៅឡើយទេ ដែលវាជាជំងឺឆ្លងតាមតំបន់ក្នុងប្រទេសអាហ្សង់ទីន ជាកន្លែងដែលនាវានេះបានចាកចេញកាលពីខែមេសា។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលបានអះអាងថា ហានិភ័យចំពោះសុខភាពសាធារណៈសកលនៅមានកម្រិតទាបនៅឡើយ ហើយបានច្រានចោលការប្រៀបធៀបជំងឺនេះទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។



ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានបន្ថែមថា ករណីអ្នកប៉ះពាល់ចំនួន ២២នាក់បន្ថែមទៀតត្រូវបានកំណត់អត្តសញ្ញាណក្នុងចំណោមជនជាតិបារាំង រួមមាន ៨នាក់ដែលបានធ្វើដំណើរតាមជើងហោះហើរកាលពីថ្ងៃទី ២៥ មេសា រវាងកោះ Saint Helena និងទីក្រុង Johannesburg និង ១៤ នាក់ទៀតតាមជើងហោះហើររវាងទីក្រុង Johannesburg និងទីក្រុង Amsterdam។ ស្ត្រីជនជាតិហូឡង់ដែលបានស្លាប់ ក៏ស្ថិតនៅលើជើងហោះហើរទៅកាន់ទីក្រុង Johannesburg ដែរ ហើយក្រោយមកបានឡើងជើងហោះហើរទៅកាន់ទីក្រុង Amsterdam មួយរយៈពេលខ្លី ប៉ុន្តែត្រូវបានជម្លៀសចេញវិញមុនពេលយន្តហោះហោះឡើង។
យ៉ាងណាម៉ិញ អាជ្ញាធរសុខាភិបាលក្នុងប្រទេសជាច្រើនកំពុងតាមដានអ្នកដំណើរដែលបានចុះពីនាវា រួមទាំងអ្នកទាំងឡាយណាដែលប្រហែលជាបានប៉ះពាល់ជាមួយពួកគេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ លោកស្រី Monica Garcia បានប្រកាសនៅកោះ Tenerife ថា ប្រតិបត្តិការបញ្ជូនត្រឡប់ទៅវិញបានជម្លៀសមនុស្សចំនួន ៩៤នាក់ ដែលមាន ១៩សញ្ជាតិខុសៗគ្នា កាលពីថ្ងៃអាទិត្យ។ មន្ត្រីអេស្ប៉ាញបានឱ្យដឹងថា ការជម្លៀសអ្នកដំណើរ និងនាវិកជិត ១៥០នាក់ (មកពី ២៣សញ្ជាតិ) នឹងបន្តរហូតដល់ជើងហោះហើរចុងក្រោយទៅកាន់ប្រទេសអូស្ត្រាលី និងហូឡង់ នៅរសៀលថ្ងៃច័ន្ទនេះ។

ដោយឡែក នាវាដោតទង់ជាតិហូឡង់នេះ នឹងចាក់បំពេញប្រេងនៅពេលព្រឹក ហើយរំពឹងថា នឹងចាកចេញទៅកាន់ប្រទេសហូឡង់វិញជាមួយនាវិកប្រហែល ៣០នាក់ នៅវេលាម៉ោង ៧យប់ថ្ងៃច័ន្ទនេះ។
សូមជម្រាបថា នាវា MV Hondius បានចាកចេញពីទីក្រុង Ushuaia ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី ១ ខែមេសា សម្រាប់ការធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់ប្រទេស Cape Verde។
អង្គការសុខភាពពិភពលោកជឿជាក់ថា ការឆ្លងដំបូងបានកើតឡើងមុនពេលចាប់ផ្តើមការធ្វើដំណើរ ហើយបន្ទាប់មកទើបមានការឆ្លងរាលដាលពីមនុស្សទៅមនុស្សនៅលើនាវា។ ប៉ុន្តែមន្ត្រីសុខាភិបាលអាហ្សង់ទីនបានចោទសួរថា តើការផ្ទុះឡើងនេះពិតជាមានប្រភពចេញពីទីក្រុង Ushuaia មែនឬយ៉ាងណា ដោយផ្អែកលើរយៈពេលសម្ងំនៃវីរុសដែលមានរយៈពេលច្រើនសប្តាហ៍ និងកត្តាផ្សេងៗទៀត៕

