ស្វាយរៀង៖ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ក្នុងនោះផ្ទះរងការខូចខាតធ្ងន់ចំនួន ២ ខ្នង និងមធ្យម ៣ ខ្នង។

ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយនេះ ក្រុមការងារសាខា និងអនុសាខា បានចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងការសោកស្តាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយចាត់ទុកថា ជាគ្រោះមហន្តរាយធម្មជាតិដែលគ្មាននរណាចង់ឱ្យកើតឡើងឡើយ។ ទោះបីអំណោយដែលផ្ដល់ជូនមានចំនួនមិនច្រើនក៏ដោយ ប៉ុន្តែអាចជួយសម្រាលការលំបាកបានមួយផ្នែក និងបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ជាចុងក្រោយ លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងរដូវវស្សានេះ ព្រមទាំងថែរក្សាអនាម័យ និងសម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ ដើម្បីបង្ការជំងឺផ្សេងៗ។

អំណោយដែលបានផ្ដល់ជូនក្នុង ១ គ្រួសារ រួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង កន្ទេលជ័របត់ ១ ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ និងសារុង ១) ព្រមទាំងថវិកា ៥ម៉ឺនរៀល។ ដោយឡែក គ្រួសាររងគ្រោះធ្ងន់ធ្ងរ ទទួលបានបន្ថែម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ និងថវិកា ២០ម៉ឺនរៀល។

Share.