បាល់ទះ «តេជោលីគ» Techo League រដូវកាល​ឆ្នាំ២០២៥-២៦ ជាឱកាសសម្រាប់គ្រូថ្មី ជ្រើសរើសកីឡាករមានគុណផលត្រៀម Sea V.League ឆ្នាំ២០២៦។ នេះបើតាមប្រសាសន៍លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត័មាន កាល​ពីព្រឹក​ថ្ងៃទី១០ ឧសភា ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្រោម​ការដឹកនាំរបស់​លោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹង​ត្រូវ​មាន​ភារកិច្ចសំខាន់​ក្នុង​ការសម្លឹង​មើល​កីឡាករ​ដែល​មាន​គុណផល​ពី​ការប្រកួត​ពានរង្វាន់«តេជោលីគ» Techo League រដូវកាល​ឆ្នាំ២០២៥-២៦ ដើម្បី​ត្រៀម​ក្នុង​ការប្រកួត​ពាន​រង្វាន់​អន្តរជាតិ​សំខាន់​ៗនាពេល​ខាង​មុខ។

ដោយ​ឡែក​សម្រាប់​ការប្រកួត​ ជើងទី១ ពានរង្វាន់ SEA V.League ឆ្នាំ២០២៦ នៅ​ទឹក​ដី​ហ្វីលីពីន ជើង​ទី២ នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី។ ជុំវិញ​ការប្រកួត​នេះ លោក អាំង សិរីពិសិដ្ឋ បាន​បង្ហាញ​ការព្រួយ​បារម្មណ៍​ ព្រោះ​ថាការរំកិល​ ពានរង្វាន់ តេជោលីគ មក​លេង​នៅ​ខែ៥ បាន​ធ្វើ​អោយ​មាន​ពេល​ខ្លីត្រឹម ១០​ថ្ងៃប៉ុណ្ណោះ ក្នុង​ការប្រមូល​ផ្ដុំ។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun ដើម្បី​ដឹក​នាំ​ក្រុម​បាល់ទះជម្រើសជាតិ​កម្ពុជា ត្រៀម​ក្នុង​ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៦ និងស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី នាឆ្នាំក្រោយជាដើម៕

Share.