ភូកេត៖ ករណីដ៏រន្ធត់មួយបានកើតឡើងនៅឆ្នេរ Kamala កោះភូកេត កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី៩ ខែឧសភា ខណៈដែលភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន ៤នាក់ បានដួលសន្លប់បាត់ស្មារតីព្រមៗគ្នានៅក្នុងភោជនីយដ្ឋានមួយកន្លែង ជាហេតុធ្វើឱ្យបុរសម្នាក់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ។ ករណីនេះបានដាស់តឿនជាថ្មីនូវសំណួរជាច្រើនជុំវិញសុវត្ថិភាព និងការគ្រប់គ្រងនៅក្នុងតំបន់ទេសចរណ៍ល្បីឈ្មោះរបស់ថៃមួយនេះ។

យោងតាមការបញ្ជាក់ពីប៉ូលីសក្នុងតំបន់ ក្រុមទេសចរឥណ្ឌាដែលមានគ្នា ៥នាក់ បានមកដល់ភោជនីយដ្ឋានមួយកន្លែងនោះ នៅវេលាម៉ោង ១១យប់ ថ្ងៃទី៨ ខែឧសភា។ ប៉ុន្តែអ្វីដែលគួរឱ្យផ្អើលនោះគឺ នៅវេលាម៉ោងប្រហែល ១:៥៤នាទីរំលងអធ្រាត្រ ស្រាប់តែសមាជិក ៤នាក់ក្នុងក្រុម បានដួលសន្លប់បាត់ស្មារតីក្នុងពេលដំណាលគ្នា លើកលែងតែម្នាក់ឈ្មោះ Aryan Verma ដែលមិនបង្ហាញរោគសញ្ញាអ្វីឡើយ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតត្រូវបានស្គាល់ឈ្មោះថា Kushagra Agrawal ដោយរូបគេបានស្លាប់នៅមន្ទីរពេទ្យ Vachira Phuket ក្រោយការសង្គ្រោះបន្ទាន់មិនបានសម្រេច។ ចំណែកឯជនរងគ្រោះផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពតាមដាននៅឡើយ។
ទោះបីជាសមត្ថកិច្ចថៃកំពុងរង់ចាំលទ្ធផលកោសល្យវិច័យ ប៉ុន្តែសាធារណជន ជាពិសេសនៅលើបណ្តាញសង្គម បានចាប់ផ្តើមរិះគន់ និងដាក់ការសង្ស័យលើកត្តាមួយចំនួន ដោយមានការសង្ស័យថា ក្រុមទេសចរអាចនឹងទទួលទានគ្រឿងស្រវឹងដែលមានលាយសារធាតុគីមី ឬគ្រឿងញៀនខុសច្បាប់។ បញ្ហាគ្រឿងស្រវឹង ឬការលួចលាយសារធាតុញៀនក្នុងភេសជ្ជៈនៅតាមតំបន់កម្សាន្តពេលរាត្រីក្នុងប្រទេសថៃ នៅតែជាចំណុចខ្សោយនៃការត្រួតពិនិត្យរបស់អាជ្ញាធរ។ ហើយនេះមិនមែនជាលើកទីមួយទេដែលមានករណីស្លាប់យ៉ាងអាថ៌កំបាំងលើជនបរទេស។ កាលពីពេលថ្មីៗនេះ ក៏មានករណីពុលស៊ីយ៉ានីត (Cyanide) លើជនជាតិវៀតណាម ៦នាក់នៅទីក្រុងបាងកក ដែលឆ្លុះបញ្ចាំងពីភាពធូររលុងនៃប្រព័ន្ធការពារសន្តិសុខ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់។


គេសង្កេតឃើញថា អាជ្ញាធរថៃហាក់ព្យាយាម «បិទបាំង» ឬ «ពន្យារពេល» ក្នុងការបញ្ចេញព័ត៌មានលម្អិតនៃករណីស្លាប់របស់ជនបរទេស ដើម្បីការពាររូបភាពវិស័យទេសចរណ៍របស់ខ្លួន ដែលចំណុចនេះនាំឱ្យមានការរិះគន់ថា ថៃហាក់ផ្តល់តម្លៃលើចំណូលទេសចរណ៍ ខ្លាំងជាង «ជីវិតមនុស្ស»។

ខណៈដែលប៉ូលីសថៃបានត្រឹមតែបញ្ជាក់ថា «កំពុងស៊ើបអង្កេត» ករណីនេះបានក្លាយជាដំបៅថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍ថៃ។ ប្រសិនបើលទ្ធផលកោសល្យវិច័យរកឃើញថា វាពិតជាពាក់ព័ន្ធនឹងអាហារ ឬភេសជ្ជៈនៅក្នុងភោជនីយដ្ឋានមែននោះ វានឹងក្លាយជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលតែងតែចាត់ទុកកោះភូកេតជាឋានសួគ៌សម្រាកកាយ៕

