ក្នុងអំឡុងពេលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ដើម្បីបណ្ដេញជនបរទេសដែលស្នាក់នៅ និងប្រព្រឹត្តបទល្មើសខុសច្បាប់ចេញពីប្រទេស។ តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសសរុបចំនួន ៣,៦៨៤នាក់ ស្រី ៤៨៩នាក់ ដែលមានចំនួន ៣៥សញ្ជាតិ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមនោះ មានជនជាតិចិនចំនួន ១,៩៦៨នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ ខណៈជនបរទេសផ្សេងទៀតពាក់ព័ន្ធនឹងបទល្មើសដូចជា លួចឆ្លងដែន ប្រើប្រាស់ឯកសារក្លែងក្លាយ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ប្រើទិដ្ឋាការក្លែងក្លាយ ការចាប់ជំរិត និងការធ្វើការងារខុសច្បាប់ជាដើម។

ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ រួមមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការសម្របសម្រួលនីតិវិធីយ៉ាងតឹងរឹងពីសមត្ថកិច្ចជំនាញ។

ការបណ្ដេញជនបរទេសខុសច្បាប់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មជាប្រព័ន្ធ ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបោសសំអាតសកម្មភាពឆបោកតាមបច្ចេកវិទ្យា និងបទល្មើសអន្តរជាតិផ្សេងៗ។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការពារសុវត្ថិភាពសង្គម និងរក្សាសន្តិសុខសាធារណៈទាំងក្នុងប្រទេស និងក្នុងតំបន់។

ជាមួយគ្នានេះផងដែរ អាជ្ញាធរក៏បានខិតខំស្វែងរក និងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយសកម្មភាពខុសច្បាប់ទាំងនេះ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោក។ ជនរងគ្រោះទាំងនេះត្រូវបានផ្តល់សេរីភាព និងអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសដើមរបស់ខ្លួនវិញ។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ និងបញ្ឈប់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋ។

អត្ថបទ៖ ចតុម្មុខ

Share.