ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក Flavio Bonetti បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់របស់យូណេស្កូ ក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់កម្ពុជា ដែលបានធ្វើឱ្យសមិទ្ធផលនានាកន្លងមកទទួលបានូវភាពជោគជ័យគួរជាទីមោទនៈ។

តាមរយៈជំនួបខាងលើ អង្គការយូណេស្កូ នឹងផ្តល់អ្នកជំនាញជំនាញខ្ពស់ ព្រមទាំងកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលជាអាទិភាពចម្បងរបស់អង្គការនេះ។ លើសពីនេះ ភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងបន្តត្រូវបានពង្រឹង ដោយផ្តោតលើការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមកសាងមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌ ទាំងរូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។

សម្តេចធិបតី បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ជាចុងក្រោយ សម្តេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីភាពជាដៃគូកាន់តែរឹងមាំ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជនកម្ពុជា ព្រមទាំងមនុស្សជាតិទាំងមូល៕

Share.