ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ។ អ្វីដែលជាចំណុចក្តៅបំផុតនោះ គឺការនាំយកមកជាមួយនូវក្រុមមហាសេដ្ឋីកំពូលៗចំនួន ៥ រូប ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នារហូតដល់ ៨៧០ ប៊ីលានដុល្លារ ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ជំនួបលើកដំបូងក្នុងអាណត្តិទី២ របស់លោក ត្រាំ នេះ កើតឡើងចំពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពតានតឹងនៃសង្គ្រាមនៅអ៊ីរ៉ង់ និងការប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
យោងតាមបញ្ជីឈ្មោះពីសេតវិមាន មហាសេដ្ឋី និងនាយកប្រតិបត្តិ(CEO) ល្បីៗ ដែលនឹងទៅដល់ទីក្រុងប៉េកាំង រួមមាន៖ Elon Musk (Tesla/SpaceX): មហាសេដ្ឋីលេខ ១ ពិភពលោក ដែលមានទ្រព្យសម្បត្តិប្រហែល ៨២៣.៣ ប៊ីលានដុល្លារ។ លោក Stephen Schwarzman (Blackstone): អ្នកជំនួញហិរញ្ញវត្ថុដ៏មានឥទ្ធិពល។ លោក Tim Cook (Apple): តំណាងឱ្យខ្សែចង្វាក់ផលិតកម្មបច្ចេកវិទ្យាដ៏ធំនៅចិន។ លោក Larry Fink (BlackRock) និងលោក Larry Culp (GE): អ្នកដឹកនាំវិស័យវិនិយោគ និងឧស្សាហកម្មធុនធ្ងន់។

ក្រៅពីមហាសេដ្ឋីទាំង៥ ក៏មានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Boeing, Goldman Sachs, Citigroup, Meta, និង Qualcomm ជាដើម ដែលសរុបមានប្រតិភូធុរកិច្ចចំនួន ១៦រូប។
ក្នុងជំនួបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ មានគោលដៅយុទ្ធសាស្រ្តធំៗចំនួន២ គឺ៖ សន្ដិសុខថាមពល និងសង្រ្គាម នៅអ៊ីរ៉ង់ និងការប្រកួតប្រជែង AI។ ដោយឡែក ក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថា ជិតសម្រេចកិច្ចព្រមព្រៀងលក់យន្តហោះម៉ូដែល 737 Max ចំនួន ៥០០គ្រឿង ទៅឱ្យប្រទេសចិន ដែលនេះគឺជាជំហានដ៏ធំមួយក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។

យ៉ាងណាម៉ិញ ការកៀងគរមហាសេដ្ឋីដែលមានឥទ្ធិពលបំផុតលើលោកឱ្យទៅចិនលើកនេះ គឺជាយុទ្ធសាស្ត្រ «ការទូតធុរកិច្ច» របស់លោក ត្រាំ។ លោកចង់ប្រើប្រាស់ផលប្រយោជន៍សេដ្ឋកិច្ចធ្វើជា «សន្លឹកបៀ» សម្រាប់ចរចានយោបាយ។ យ៉ាងណាមិញ អវត្តមានរបស់លោក Jensen Huang (CEO របស់ Nvidia) បានបង្កជាមន្ទិលសង្ស័យថា អាមេរិកអាចនឹងនៅតែបន្តយុទ្ធសាស្ត្ររឹតត្បិតផ្នែកបន្ទះឈីប (Chip War) ប្រឆាំងនឹងចិនដដែល បើទោះជាមានការចរចាក៏ដោយ។

សូមជម្រាបថា លទ្ធផលនៃជំនួបកំពូលនេះ នឹងក្លាយជាត្រីវិស័យសម្រាប់កំណត់វាសនាសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពនយោបាយសកល។ ការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មខ្នាតយក្ស អាចជាសញ្ញាវិជ្ជមាន នៃទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ ប៉ុន្តែការប្រកួតប្រជែងបច្ចេកវិទ្យានៅតែជាឧបសគ្គដ៏រឹងមាំដែលត្រូវដោះស្រាយ៕

