កំពង់ឆ្នាំង៖ កម្លាំងមន្ត្រីនគរបាលជំនាញស្រុកកំពង់លែង បានបន្តចុះអនុវត្តសកម្មភាពផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវទឹក និងណែនាំអំពីវិធានការទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋ និងអ្នកប្រកបរបរដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ។

សកម្មភាពនេះអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ក្នុងនោះ កម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណៈស្រុក បានសហការជាមួយការិយាល័យចរាចរណ៍ផ្លូវទឹក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីចុះផ្សព្វផ្សាយដោយផ្ទាល់ដល់អ្នកបើកបរ និងអ្នកដឹកអ្នកដំណើរ។

ការផ្សព្វផ្សាយនេះត្រូវបានអនុវត្តនៅទីតាំងសំខាន់ចំនួន ២ កន្លែង រួមមាន កំពង់ដរកំពង់ហៅ ស្ថិតនៅភូមិត្អួររលំ ឃុំកំពង់ហៅ និងកំពង់ដរភ្នំទេពី ស្ថិតនៅភូមិស្ទឹងសណ្តែក ក្នុងស្រុកកំពង់លែង។ គោលបំណងគឺដើម្បីណែនាំឱ្យអ្នកប្រើប្រាស់សាឡាង និងបាឡាស្មាច់គោរពតាមបទប្បញ្ញត្តិច្បាប់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព។

ប្រតិបត្តិការនេះដឹកនាំដោយលោក កែវ ចន្ថា ប្រធានការិយាល័យនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោកវរសេនីយ៍ទោ ចាន់ សារិទ្ធិ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក និងលោកអនុសេនីយ៍ឯក ម៉ូត សម្បត្តិ អធិការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈ។ សរុបកម្លាំងចូលរួមមានចំនួន ១៩នាក់។

តាមរយៈសកម្មភាពនេះ អាជ្ញាធរមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរតាមផ្លូវទឹក និងចូលរួមបង្ការហានិភ័យនានាដែលអាចកើតមាន ជាពិសេសក្នុងរដូវភ្លៀង និងពេលមានការធ្វើដំណើរច្រើន។

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.