បាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត ខណៈមនុស្សប្រមាណ ២០នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលមកពីរថយន្តច្នៃដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវជាតិ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត ០៧:០០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តច្នៃមួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកកម្មករទៅបេះស្វាយសរុបចំនួន ២១នាក់ ធ្វើដំណើរពីទិសខាងលិចទៅខាងកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានប្រទះជាមួយរថយន្តធុនធំមួយគ្រឿងទៀត ធ្វើឲ្យអ្នកបើកបរសម្រេចបួងចង្កូតគេចភ្លាមៗ។

ជាអកុសល ការបួងចង្កូតនេះបានបណ្តាលឲ្យរថយន្តច្នៃបាត់បង់តុល្យភាព ក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិជាច្រើនត្រឡប់ បណ្ដាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈអ្នកដំណើរផ្សេងទៀតសរុប ២០នាក់ រងរបួស ដោយមានទាំងរបួសធ្ងន់ និងស្រាល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យទីតាំងភ្លាមៗ និងបានសហការដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបានអំពាវនាវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចបណ្តាលឲ្យបាត់បង់ជីវិត និងទ្រព្យសម្បត្តិ។

អត្ថបទ៖ ដំបងក្រញូង

Share.