ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបើកឱកាសដល់អ្នកសារព័ត៌មានអន្តរជាតិ ចុះយកព័ត៌មានដោយផ្ទាល់ អំពីសកម្មភាពប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលអាជ្ញាធរកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនៅក្នុងខេត្ត។

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីទូរទស្សន៍ CNA និង Spotlight រួមទាំងអ្នកចូលរួមសរុបចំនួន ១៧នាក់ បានចុះទៅដល់ទីតាំងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលកន្លងមកត្រូវបានសមត្ថកិច្ចកម្ពុជា បង្ក្រាប និងកំពុងបន្តនីតិវិធីតាមច្បាប់។

ក្នុងឱកាសនោះ ក្រុមអ្នកសារព័ត៌មានបានថតវីដេអូ និងផ្តិតយករូបភាពតាមបច្ចេកទេសវិជ្ជាជីវៈ ដោយមានការស្វាគមន៍ និងបង្ហាញព័ត៌មានយ៉ាងកក់ក្តៅពីអាជ្ញាធរខេត្ត។ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងព្រះរាជអាជ្ញា ស្នងការនគរបាល និងមន្ត្រីពាក់ព័ន្ធ បានបង្ហាញអំពីលទ្ធផលការងារ និងវិធានការដែលកម្ពុជាកំពុងអនុវត្ត ក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់បទសម្ភាសន៍ ដោយបញ្ជាក់ពីការបើកចំហ និងភាពថ្លៃថ្នូរនៃការអនុវត្តច្បាប់របស់អាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញ។ លោកបានលើកឡើងថា អាជ្ញាធរកំពុងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធ ដើម្បីបោសសំអាតសកម្មភាពខុសច្បាប់ទាំងនេះឱ្យអស់ពីខេត្តស្វាយរៀង និងទប់ស្កាត់មិនឱ្យកើតមានឡើងវិញនាពេលអនាគត។

សកម្មភាពបើកឱកាសឱ្យអ្នកសារព័ត៌មានអន្តរជាតិចូលរួមយកព័ត៌មាននេះ បានបង្ហាញពីភាពតម្លាភាព និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងការពារសុវត្ថិភាពសង្គម។

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.