បាត់ដំបង÷ អាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែង Online ដុះស្លែមួយកន្លែងក្នុងស្រុកសំពៅលូន ឃាត់ខ្លួនមនុស្សជិត ២០នាក់អនុវត្តច្បាប់។


សេចក្តីរាយការណ៍បានបញ្ជាក់ថា÷ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ ដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ឋិតត្រង់ចំណុចកាស៊ីណូ វ៉ាណាធាន នៅក្នុងភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ការបង្ក្រាបបោសសម្អាតខាងលើសមត្ថកិច្ចបានរកឃើញទីតាំងបង្កប់លេងល្បែងអនឡាញខុសច្បាប់ចំនួន ០២បន្ទប់ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ១៧នាក់ ក្នុងមាន
ជនបរទេសចំនួន ០៣នាក់ ជាជនជាតិកូរ៉េ ២នាក់ ជនជាតិចិន ១នាក់ ក្រៅពីនេះមានជនជាតិខ្មែរប្រុសស្រីសរុប ១៤នាក់ ក៏មានម្ចាស់ទីតាំងម្នាក់ផងដែរឈ្មោះឈាង រស្មី។


បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង ១៧នាក់ ព្រមទាំងវត្ថុតាង កុំព្យូទ័រ តុបៀរ និងសម្ភារៈល្បែងមួយចំនួនទៀតបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរបន្ថែមឈានទៅកាន់ការចាត់ការតាមផ្លូវច្បាប់។
ពលរដ្ឋនៅក្នុងស្រុកសំពៅលូននេះមានការសាទរជាខ្លាំង ព្រោះការងឿងឆ្ងល់រយ:ពេលយូរបានស្តែងចេញឡើងដោយសារទីតាំងល្បែងខុសច្បាប់នេះបានបើកដំណើការរាប់សិបឆ្នាំតែមិនមានចំណាត់ការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋានទើបតែបែកធ្លាយបង្ក្រាបពេលនេះ៕
អត្ថបទ: ដំបងក្រញូង

