តាមរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា អតីតយុទ្ធជន និងនិវត្តន៍ជន មិនត្រូវបានមើលរំលងឡើយ គឺទទួលបានយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី១៩ នៃទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃ១២ ឧសភា ឆ្នាំ២០២៦ នេះ បានប្រព្រឹត្តទៅនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដោយមានការចូលរួមពីបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនប្រមាណជិត ៣០០នាក់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ ជានិច្ចកាលតែងតែទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ក្នុងសុន្ទរកថាវីរភាព ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងនូវចំណុចសំខាន់ៗចំនួនដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់ក្នុងការទំនុកបម្រុងដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។

រាជរដ្ឋាភិបាលបានដាក់ចេញនូវនយោបាយផ្តល់ដី និងសាងសង់ផ្ទះសម្បែងជូនអតីតយុទ្ធជន ដើម្បីបង្កបង្កើនផលកសិកម្ម និងរស់នៅដោយសមរម្យ។ ក្នុងស្មារតីតស៊ូ និងការលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ត្រូវបានចាត់ទុកជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តមបំផុត។
ទន្ទឹមនឹងការរំឭកពីគុណបំណាច់នេះ ក្នុងពិធីនេះក៏បានប្រកាសអំពីសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា សម្រាប់ក្រុង-ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យផងដែរ ដើម្បីពង្រឹងការងារគ្រប់គ្រង និងជួយជ្រោមជ្រែងបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត ក៏បានទទូចឱ្យមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ឱ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងដែលពួកលោកដែលបានផ្តល់ជូនប្រទេសជាតិ នាំមកនូវសុខសន្តិភាពដូចសព្វថ្ងៃនេះ៕

