កំពង់ចាម៖ សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសប្បុរសធម៌ អបអសាទរ ខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅសាលាខេត្តកំពង់ចាម។




ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ខ្លូត ផន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូប។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា សាខា និងអនុសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានបន្តបំពេញបេសកកម្មមនុស្សធម៌ ជាជំនួយការរបស់អាជ្ញាធរសាធារណៈ ដោយចូលរួមដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់ការរើសអើង និងមិនទុកនរណាម្នាក់ចោល។


ឯកឧត្តមបានបញ្ជាក់ថា ក្នុងដើមអាណត្តិទី៦នេះ សាខា និងអនុសាខា បានឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍រងគ្រោះ និងងាយរងគ្រោះបំផុត សរុបចំនួន ១២២,០៤៤គ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា សមិទ្ធផល និងជោគជ័យរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មិនអាចកាត់ផ្ដាច់ពីកត្តាសន្តិភាព ដែលកើតចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក បិតាស្ថាបនិកនៃកម្ពុជា បានឡើយ។







ឯកឧត្តមសន្តិបណ្ឌិត បានចាត់ទុកសន្តិភាពថា ជាកត្តាសំខាន់ដែលអនុញ្ញាតឲ្យមានឱកាសពេញលេញក្នុងការបម្រើសកម្មភាពមនុស្សធម៌ និងលើកកម្ពស់កិត្យានុភាពជាតិ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែបន្តគាំទ្រ និងបរិច្ចាគធនធានថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាបន្តបន្ទាប់ ដើម្បីបន្តវប្បធម៌ចែករំលែក និងសកម្មភាពមនុស្សធម៌ក្នុងសង្គម៕
អត្ថបទ៖អាចារ្យលាក់

