តាមរដ្ឋបាលបាត់ដំបងបានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចេញបញ្ជាដ៏តឹងរ៉ឹងមួយ ដោយឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចុះត្រួតពិនិត្យជាបន្ទាន់នូវទីតាំងសង្ស័យនានា និងហាមដាច់ខាតកុំឱ្យមានករណីឆបោកតាមអនឡាញ (Online Scam) កើតឡើងនៅលើទឹកដីមូលដ្ឋានរបស់ខ្លួន។

ការណែនាំបង្គាប់នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែមេសា នៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតុលាការ អយ្យការ អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង១៤ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
ឯកឧត្តម សុខ លូ បានក្រើនរំលឹកយ៉ាងដិតដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដានឱ្យបានម៉ត់ចត់ កុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរៀងៗខ្លួនជាដាច់ខាត។ ជាពិសេស ឯកឧត្តមបានបញ្ជាឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំមនុស្ស ដោយផ្តោតសំខាន់លើផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងសង្ស័យផ្សេងៗ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្រៅពីបញ្ហាបច្ចេកវិទ្យា ក្នុងឱកាសដែលរដូវវស្សាខិតជិតមកដល់ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំង ពង្រឹងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិផ្សេងៗ ដើម្បីថែរក្សាការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់សមត្ថកិច្ច និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឱ្យបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសចរាចរណ៍រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តដឹកលើសចំណុះ ដែលអាចបង្កគ្រោះថ្នាក់ និងភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។
សូមជម្រាបថា ខេត្តបាត់ដំបង ស្ថិតក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម សុខ លូ នៅតែបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមគ្រប់វិស័យ ដោយចាត់ទុកការទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ជាកាតព្វកិច្ចអាទិភាពដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត៕

