តាមរដ្ឋបាលរតនគិរីបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសម្លឹងឃើញថា ខេត្តរតនគិរី ពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយមានជំនឿថានៅថ្ងៃអនាគត ខេត្តមួយនេះនឹងកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម វណ្ណឡាល វ៉ូណា បាវិតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅសាលប្រជុំ VIP សាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រមុខការទូតឥណ្ឌា ដែលបានអញ្ជើញមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរី។ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្ត ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍។ ឯកឧត្តមបានលើកឡើងជាពិសេសពី ទីតាំងអេកូទេសចរណ៍ជាច្រើន ដោយយករមណីយដ្ឋានបឹងយក្ខឡោម ដែលកំពុងទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុកនិងអន្តរជាតិ ជាចំណុចទាក់ទាញដ៏សំខាន់មួយ។

លើសពីនេះ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងផងដែរថា ប្រជាជនកម្ពុជា និងឥណ្ឌា មានទំនៀមទម្លាប់ ប្រពៃណី ប្រហាក់ប្រហែលគ្នា ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានជាប់តាំងពីយូរលង់ណាស់មកហើយ ដែលជាកត្តាជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឥណ្ឌា បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់ខេត្តរតនគិរី ជាពិសេសទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ឯកឧត្តមបានទទួលស្គាល់យ៉ាងពេញទំហឹងថា ខេត្តរតនគិរី ពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ដែលអាចក្លាយជាកន្លែងទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍ឥណ្ឌា និងអន្តរជាតិនាពេលអនាគត។
ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តរតនគិរី និងឯកអគ្គរដ្ឋទូតឥណ្ឌាលើកនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ឥណ្ឌា។ ការវាយតម្លៃខ្ពស់របស់ឯកអគ្គរដ្ឋទូតឥណ្ឌាចំពោះសក្តានុពលរបស់រតនគិរី គឺជាសញ្ញាដ៏ល្អមួយ ដែលអាចនាំមកនូវឱកាសវិនិយោគ និងទេសចរណ៍កាន់តែច្រើនពីសាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តដ៏ស្រសែស្រសាយនេះនាពេលខាងមុខ។

គួររំលឹកថា សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តរតនគិរី មានដូចជា ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ (រមណីយដ្ឋានបឹងយក្ខឡោម , រមណីយដ្ឋានបឹងយក្ខឡោម ,ទឹកធ្លាក់ជាច្រើនកន្លែង ,ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ ,ទស្សនាបឹងលំកុត ) ទេសចរណ៍វប្បធម៌ និងជនជាតិដើមភាគតិច (វប្បធម៌ ប្រពៃណី សិល្បៈ និងរបៀបរបបរស់នៅប្លែកៗពីគ្នា) និងទេសចរណ៍កំសាន្ត និងផ្សងព្រេង (ការដើរព្រៃ, ឆ្លងកាត់តំបន់ព្រៃភ្នំ ,ការជិះទូកកម្សាន្តតាមដងទន្លេសេសាន ដើម្បីទស្សនាទេសភាពធម្មជាតិ , ការទស្សនាសង្កេតមើលសត្វស្លាប និងសត្វព្រៃកម្រផ្សេងៗទៀត) ជាដើម៕

