ស្ទឹងត្រែង ៖ កោះហាន មានសម្រស់លក្ខណៈធម្មជាតិ លាក់ខ្លួនលើដងទន្លេមេគង្គ ជាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិ កំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ដែលមាន ទីតាំង ស្ថិតនៅ ក្នុងភូមិចំនួន៤ ៖ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និង ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្ត ស្ទឹងត្រែង ។


ក្រោមការដឹកនាំរបស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង វិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង មានសន្ទុះរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបន្តចូលមកកម្សាន្តយ៉ាងច្រើនកុះករ នៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត ។





ខេត្តស្ទឹងត្រែង ត្រូវបានចាត់ទុកថា ជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិ និងតំបន់ទេសចរណ៍មានសក្តានុពលខ្ពស់ ស្ថិតតាមដងទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង ដែលបង្កើតជាទេសភាពស្រស់បំព្រង និងបរិយាកាសបរិសុទ្ធគួរឲ្យគយគន់ ភ្ញៀវអាចងូតទឹកលេងបានយ៉ាងសប្បាយ ។
បើតាមលោក គ្រុយ រិទ្ធី អ្នកសម្របសម្រួលជូនភ្ញៀវទេសចរបានឱ្យដឹងថា បើនិយាយពីខេត្តស្ទឹងត្រែង គឺមានតំបន់ទេសចរណ៍ជាច្រើនកន្លែង លក្ខណៈអូកូទេសចរណ៍បែបធម្មជាតិ ហើយបងប្អូនប្រជាពលរដ្ឋ ជាតិ អន្តរជាតិ កាលបើអញ្ជើញទីដល់ខេត្តស្ទឹងត្រែងហើយ តែងតែចង់ឃើញសម្រស់កោះហាន ដែលយើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តប្រមាណ៣០គីឡូម៉ែត្រ នឹងទៅដល់សហគមន៍ទេសចរណ៍កោះហាន ហើយបន្តដំណើរតាមទូក កាណូត រយៈពេលប្រមាណ៣០នាទីទៀតតាមដងទន្លេមេគង្គ នឹងទីដល់តំបន់ព្រៃលិចទឹក ដ៏ស្រស់បំព្រងគ្រប់រដូវកាល ។





អាជ្ញាធរខេត្តស្ទឹងត្រែង អំពាវនាវផងដែរដល់សាធារណជន ចូលរួមគាំទ្រទេសចរណ៍សហគមន៍ កោះហាន និងតំបន់ទេសចរណ៍នានាទូទាំងខេត្តស្ទឹងត្រែង ក៏ដូចជាតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត នៅក្នុងប្រទេសកម្ពុជាយើង ៕





អត្ថបទ÷តាតុងសែនជ័យ

