កាន់តែកក្រើក ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំនៅកម្ពុជា នៃការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia រដូវកាលទី ១០ បានរកឃើញក្រុមខ្លាំងទាំង ៦ ឡើងវគ្គ Play-Off ហើយ ក្រោយចំណាយពេលប្រកួតវគ្គជម្រុះ ៥សប្ដាហ៍ រួចមក។


ស្របពេលបេក្ខភាព ៤ក្រុម ដែលបានធ្លាក់ត្រឹមវគ្គ Regular Season មានក្រុម Evil Eye Eposrt , Duck Rice Esports , See You Soon និងក្រុមកីឡាការិនី Galaxy Phoenix។
ក្រុមខ្លាំងទាំង ៦ ដែលធ្វើដំណើរមកកាន់វគ្គ Play-Off រួមមានក្រុមកំពូលតារាង Pro Esports, ក្រុមជើងឯកឆ្នាំចាស់ CFU Gaming ឈរលេខ២, Vigor Apex ឈរលេខ៣, Galaxy Legends ឈរលេខ៤, Team Flash KH ឈរលេខ៥ និងក្រុម Valhalla ឈរលេខ៦។




ការប្រកួតវគ្គ Play-Off នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ឧសភានេះ ម៉ោង ២:០០នាទីរសៀលតទៅ ដែលតម្រូវឱ្យបេក្ខភាព ៦ក្រុម ត្រូវប្រជែងតាមរយ:រូបមន្ត រួមមាន៖
-ក្រុមកំពូលតារាង Pro Esports និងក្រុម CFU Gaming ត្រូវឈរចាំនៅវគ្គ ៤ក្រុមចុងក្រោយ
-ស្របពេល ៤ក្រុមទៀត ត្រូវជួបគ្នាក្នុងវគ្គ Play-Ins ក្នុងនោះក្រុម Vigor Apex ត្រូវជួបក្រុម Valhalla និងក្រុម Galaxy Legends ត្រូវជួបក្រុម Team Flash KH
-ក្រុមឈ្នះ ត្រូវឡើងទៅជួបក្រុម Pro Esports និងក្រុម CFU Gaming នៅវគ្គនេះក្រុមដែលឈ្នះនឹងត្រូវបន្តនៅវគ្គ Upper Final ក្រុមចាញ់បន្តប្រជែងគ្នានៅវគ្គ Lower Semi Final ដើម្បីបន្ដការប្រកួតប្រជែង រហូតរកឃើញបេក្ខភាពឡើងវគ្គ Grand Final ដែលជាការប្រកួតបិទបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។

រំលឹកថា សម្រាប់សមាសភាពក្រុមទាំង ១០ រួមមាន៖
- ក្រុមចំនួន ៦ ដែលក្រុមខ្លាំងនៅក្នុង MPL រដូវកាលទី ៩ មាន៖ FU Gaming (ម្ចាស់ជើងឯកឆ្នាំចាស់), Galaxy Legends, PRO Esports, Team Max, See You Soon, Valhalla។
- ក្រុមចំនួន ២ ដែលមកចូលរួមតាមរយៈការប្រកួតជម្រុះពី MPL KH Open Qualifier មាន៖ Duck Rice Esports, Vigor Apex។
- ក្រុមចំនួន ២ ក្រុមទៀត គឺជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament របស់យើង ដែលមានដូចជា T. Y Media Academy និង Queen Legends មាន៖ Evil Eye Esports និងក្រុមនារី Queen Phoenix។
សម្រាប់ម្ចាស់ជើងឯកនៃការប្រកួត MPL-KH រដូវកាលទី១០នេះ នឹងមានឈ្នះទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC ត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ការប្រកួតប្រកួត MPL-KH បានដំណើរអស់ ៩ រដូវកាល រួចមក ឃើញថា មានតែ ៤ក្រុមប៉ុណ្ណោះដែលអាចដណ្ដើមបានជើងឯក ដោយក្រុម Impunity KH បាន ១លើក BURN x FLASH បាន ២លើក See You Soon បាន ៣លើក និងក្រុម CFU Gaming បាន ៣លើកជាប់គ្នានៅរដូវកាលចុងក្រោយ៕

