កាលពីថ្ងៃទី១១ ខែឧសភា ម្សិលមិញនេះ មានព្រឹត្តិការណ៍ដ៏ចម្លែកមួយបានកើតឡើងក្នុងខេត្តក្រាប៊ី ប្រទេសថៃ ដែលបានធ្វើឱ្យមហាជនមានការជជែកដេញដោលយ៉ាងក្តៅគគុកលើបណ្តាញសង្គម បន្ទាប់ពីអភិបាលស្រុកម្នាក់បានសម្រេចចិត្តផ្ដល់សេវាពិសេសដល់ជនសង្ស័យជួញដូរគ្រឿងញៀន មុនពេលបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំង។

ជនសង្ស័យដែលគេស្គាល់ឈ្មោះថា «Dome Koh Klang» ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកមឿងក្រាប៊ី ចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបអ្នកជួញដូរគ្រឿងញៀនខ្នាតតូច។ ក្នុងការបង្ក្រាបនោះ ប៉ូលិសដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៣៩៩គ្រាប់ ហើយថែមទាំងរកឃើញថា រូបគេមានដីកាចាប់ខ្លួនដែលនៅមានសុពលភាពពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធខុសច្បាប់ថែមទៀតផង។

ប្រធានបទដែលបណ្ដាលឱ្យមានការរិះគន់នោះគឺ លោកអភិបាលស្រុកមឿងក្រាប៊ី បានអនុញ្ញាតតាមសំណើរបស់ជនសង្ស័យ និងមិត្តស្រី ដើម្បីរៀបចំការចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ភ្លាមៗ មុនពេលបញ្ជូនខ្លួនជននេះទៅកាន់ពន្ធនាគារ ហើយបានយកវីដេអូនៃការចុះសំបុត្រអាពាហ៍ពិពាហ៍នោះបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលត្រូវបានគេមើលឃើញថាជាការព្យាយាមយកមុខមាត់បង្ហាញថាខ្លួនជាមន្រ្តីល្អ ឬ ចង់បង្ហាញពីរូបភាពបែបមនោសញ្ចេតនាជ្រុលហួសហេតុពេក។
ទោះបីជាមានមតិមួយចំនួនតូចបង្ហាញក្ដីអាណិតអាសូរចំពោះសេចក្តីស្រឡាញ់របស់គូស្នេហ៍នេះក៏ដោយ ប៉ុន្តែភាគច្រើននៃមហាជន និងអ្នកវិភាគបានលើកឡើងនូវចំណុចអវិជ្ជមានជាច្រើន ដែលការផ្ដល់អាទិភាពដល់បំណងប្រាថ្នាចុងក្រោយរបស់ជនល្មើសគ្រឿងញៀន ហាក់បីដូចជាការផ្ដល់តម្លៃលើសលប់ដល់អ្នកដែលបំផ្លាញសង្គម។ គ្រឿងញៀនជិត ៤០០គ្រាប់ មិនមែនជារឿងលេងសើចឡើយ។

ការដែលមន្ត្រីរដ្ឋាភិបាលយកករណីជនល្មើសមកធ្វើជាចំណីអាម្មណ៍ ឬ ជា Content លើបណ្តាញសង្គម អាចធ្វើឱ្យសាធារណជនយល់ច្រឡំថា សកម្មភាពខុសច្បាប់អាចត្រូវបានលាងជម្រះ ឬកាត់បន្ថយភាពធ្ងន់ធ្ងរបានតាមរយៈរឿងរ៉ាវមនោសញ្ចេតនា។
ព័ត៌មាននេះក៏បានរំលឹកផងដែរអំពីករណីប្ដីប្រពន្ធមួយគូនៅខេត្តឧត្តរធានី ដែលត្រូវបានចាប់ខ្លួនពីបទដឹកជញ្ជូនថ្នាំញៀនក្នុងទ្រង់ទ្រាយធំ ដើម្បីយកលុយមករៀបការ និងចិញ្ចឹមកូនក្នុងផ្ទៃ។ នេះសបញ្ជាក់ឱ្យឃើញថា បញ្ហាគ្រឿងញៀនក្នុងប្រទេសថៃកំពុងត្រូវបានយកមកប្រើប្រាស់ជាលេសនៃភាពក្រីក្រ និងសេចក្តីស្រឡាញ់ដែលជាសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខសង្គម។
យ៉ាងណាម៉ិញ ទង្វើរបស់អភិបាលស្រុករូបនេះ អាចមើលទៅដូចជាមានមេត្តាធម៌ ប៉ុន្តែក្នុងក្រសែភ្នែកអ្នកច្បាប់ និងពលរដ្ឋដែលរងគ្រោះដោយសារគ្រឿងញៀន វាគឺជាការបង្កើនរូបភាពអវិជ្ជមាននៃប្រព័ន្ធយុត្តិធម៌ថៃ ដែលជារឿយៗតែងតែមានករណីលើកលែងប្លែកៗដែលមិនធ្លាប់មានក្នុងសកលលោក៕

