តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងពិសេសរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបនោះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយភាគីទាំងពីរបានលើកយកចំណុចសំខាន់ៗមកពិភាក្សា។ ក្នុងនោះ កម្ពុជាបានសម្ដែងការអបអរសាទរចំពោះអាស៊ែបៃហ្សង់ ដែលបានឈានទៅសម្រេចនូវសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រស្តីពីសន្តិភាពជាមួយប្រទេសអាមេនី កាលពីឆ្នាំកន្លងទៅ ក្រោមការដឹងឮពីសំណាក់ឯកឧត្តម ដូណាល់ ត្រាំ។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យសក្ដានុពលជាច្រើន ដូចជា នយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ បន្ថែមពីនេះ ក៏មានការឯកភាពលើការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ។

យ៉ាងណាមិញ កម្ពុជា និងអាស៊ែបៃហ្សង់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងការប្រើប្រាស់យន្តការការទូតដើម្បីដោះស្រាយរាល់ជម្លោះដោយសន្តិវិធី។ ចំពោះស្ថានភាពព្រំដែនវិញ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគីអាស៊ែបៃហ្សង់នូវបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់នៅកម្ពុជានេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងមិត្តភាពកាន់តែស្អិតរមួតរវាងប្រទេសទាំងពីរ៕

Share.