កណ្តាល៖ ក្រុមការងារចល័តចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ និងចាត់វិធានការពិន័យលើយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៣គ្រឿង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រតិបត្តិការនេះបានអនុវត្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីឯកឧត្តម គឹម សាន់ និងឯកឧត្តម មុី ម៉ារ៉ាឌី ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងមន្ត្រីស្ថានីយជញ្ជីងព្រែកស្តី។


ក្រុមការងារបានធ្វើការត្រួតពិនិត្យនៅចំណុចឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយរកឃើញយានយន្តចំនួន ៣គ្រឿង ដែលដឹកលើសទម្ងន់អនុញ្ញាត ចន្លោះពី ៦ តោន ដល់ ១៤ តោន ហើយបានអនុវត្តវិធានការពិន័យតាមច្បាប់ជាធរមាន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ឲ្យគោរពច្បាប់ និងអនុវត្តតាមបទប្បញ្ញត្តិដែលបានកំណត់ ជាពិសេសការប្រើប្រាស់ផ្លូវដែលអនុញ្ញាតសម្រាប់យានយន្តធុនធ្ងន់។
ជាមួយគ្នានេះ ក្រុមការងារចល័តនឹងបន្តចុះត្រួតពិនិត្យជាបន្តបន្ទាប់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដោយមិនមានការលើកលែងឡើយ។
អត្ថបទ៖ ចតុម្មុខ

