នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបន្តអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ដោយបណ្ដេញជនជាតិចិនសរុបចំនួន ៣៣១នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ពីព្រះរាជាណាចក្រកម្ពុជា។
ប្រតិបត្តិការនេះអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសហការជាមួយស្ថានទូតចិន ក្នុងការរៀបចំបញ្ជូនជនបរទេសទាំងនេះតាមយន្តហោះពិសេស តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។


តាមការបញ្ជាក់ ជនជាតិចិនទាំងនេះពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ការស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដែលជាបញ្ហាដែលអាជ្ញាធរកម្ពុជាកំពុងផ្តោតការបង្ក្រាបយ៉ាងសកម្ម។
ការបណ្ដេញចេញនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការបោសសំអាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ វាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធានាសុវត្ថិភាពសង្គម និងការពារប្រជាពលរដ្ឋពីការឆបោក និងបទល្មើសអន្តរជាតិផ្សេងៗ។
ជាមួយគ្នានេះ អាជ្ញាធរនឹងបន្តស្វែងរក និងចាត់វិធានការលើមេខ្លោងនៅពីក្រោយសកម្មភាពខុសច្បាប់ទាំងនេះ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោក ដើម្បីអោយពួកគេអាចវិលត្រឡប់ទៅប្រទេសដើមវិញបានដោយសុវត្ថិភាព។
អត្ថបទ៖ ចតុម្មុខ

