ហូជីមិញ៖ ប៉ូលិសសេដ្ឋកិច្ចនៃទីក្រុងហូជីមិញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចឃាត់ខ្លួនបុរស ២នាក់ ពីបទបន្លំសាច់ជ្រូកមេពូជប្រមាណ ១៥តោន កែច្នៃធ្វើជាសាច់គោដើម្បីបោកប្រាស់អ្នកប្រើប្រាស់ បន្ទាប់ពីរកឃើញថាពួកគេបានប្រើប្រាស់ឈាមជ្រូក និងសារធាតុគីមីហាមឃាត់ដើម្បីបន្លំភ្នែក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។


យោងតាមការស៊ើបអង្កេត ជនសង្ស័យឈ្មោះ Nguyen Van Thai អាយុ ៣៩ឆ្នាំ និងឈ្មោះ Nguyen Van Thang អាយុ ៣៦ឆ្នាំ បានចាប់ផ្ដើមខ្សែសង្វាក់ផលិតកម្មខុសច្បាប់នេះតាំងពីដើមឆ្នាំ ២០២៤។ វិធីសាស្ត្រដែលពួកគេប្រើប្រាស់គឺ ពួកគេទិញសាច់ភ្លៅជ្រូកមេក្នុងតម្លៃទាប រួចយកទៅត្រាំក្នុងទឹកលាយសារធាតុគីមី Sodium Metabisulfite ដើម្បីបំបាត់ក្លិនជ្រូក និងធ្វើឱ្យសាច់មានសភាពទន់ដូចសាច់គោ។ បន្ទាប់ពីហាន់ជាចំណិតៗ សាច់ទាំងនោះត្រូវបានយកទៅជ្រលក់ក្នុងឈាមជ្រូក ដើម្បីឱ្យមានពណ៌ក្រហមស្រស់ដូចសាច់គោពិតៗ។ លើសពីនេះ ពួកគេក៏បានទិញសាច់គោបង្កកថោកៗ មកត្រាំសារធាតុគីមីដដែលនេះ ដើម្បីរក្សាពណ៌ឱ្យបានយូរ និងទប់ស្កាត់ការស្អុយរលួយផងដែរ។


តាមការសាកសួរជនសង្ស័យបានលក់សាច់បន្លំទាំងនេះទៅឱ្យម៉ូយដុំ និងតូបលក់សាច់នៅតាមផ្សារក្នុងតម្លៃចន្លោះពី ១៥០,០០០ដុង ទៅ ១៨០,០០០ដុង (មានតម្លៃប្រហែលពី ៥.៧០ដុល្លារ ទៅ ៦.៨០ ដុល្លារ) ក្នុងមួយគីឡូក្រាម។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងមួយថ្ងៃៗ ទីតាំងនេះបានចែកចាយសាច់គោបន្លំជិត ៣០០គីឡូក្រាម ចូលក្នុងទីផ្សារ។ គិតមកទល់ពេលនេះ ជនសង្ស័យបានចែកចាយសាច់ជ្រូកបន្លំធ្វើសាច់គោអស់ជាង ១៥តោន និងសាច់គោបង្កកជ្រលក់គីមីជាង ៥០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់សរុបប្រមាណជាង ៩ពាន់លានដុង (ប្រហែល ៣៤១,៨០០ដុល្លារអាមេរិក)។



ជាធម្មតា សារធាតុគីមី Sodium Metabisulfite ត្រូវបានច្បាប់វៀតណាមហាមឃាត់ដាច់ខាត មិនឱ្យប្រើប្រាស់ក្នុងសាច់ស្រស់ឡើយ។ សារធាតុនេះអាចបង្កអាឡែកហ្ស៊ីធ្ងន់ធ្ងរ ពិសេសអ្នកមានជំងឺហឺត ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ សារធាតុនេះ ក៏ជួយបិទបាំងក្លិនស្អុយរបស់សាច់ដែលជិតខូចគុណភាព ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចដឹងថាខ្លួនកំពុងបរិភោគសាច់ស្អុយរលួយឡើយ។
នេះមិនមែនជាលើកទីមួយទេ ដែលករណីបែបនេះកើតឡើងក្នុងទីក្រុងហូជីមិញ ដោយកាលពីខែធ្នូ ឆ្នាំមុន បញ្ហាស្រដៀងគ្នានេះ ត្រូវបានគេចែកចាយសាច់ដល់ភោជនីយដ្ឋានជាង ៧៥កន្លែង។ យ៉ាងណាម៉ិញ ប៉ូលិសកំពុងបន្តពង្រីកការស៊ើបអង្កេតទៅលើម៉ូយដុំ និងអាជីវករតាមផ្សារ ដែលបានទទួលទិញសាច់ពីទីតាំងនេះ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

