ព្រះសីហនុ៖ ហ្វូងសត្វដំរីព្រៃមួយក្រុម បានចូលមកកាន់តំបន់រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កការខូចខាតដល់ផលដំណាំ និងអុកឡុកផ្ទះសម្បែង ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយហ្វូងដំរីបានចូលទៅក្នុងចម្ការ កាច់បំផ្លាញដំណាំជាច្រើនប្រភេទ ដូចជាដើមដូង និងដំណាំផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងចូលអុកឡុកនៅជិតផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។

ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភជាពិសេសចំពោះសុវត្ថិភាព ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់នៅពេលកំពុងសម្រាក ដោយមិនបានប្រយ័ត្ន។ ពួកគេបានស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីបរិស្ថានចូលមកជួយដោះស្រាយបញ្ហានេះ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីបរិស្ថាន បានចុះទៅកាន់ទីតាំង ដើម្បីជួយដេញបង្អើលហ្វូងដំរីឱ្យត្រឡប់ចូលព្រៃវិញ។

លោក ឆាយ សុគន្ធ អភិបាលស្រុកកំពង់សីលា បានឱ្យដឹងថា អាជ្ញាធរមិនអាចអនុវត្តវិធានការរឹងមាំលើសត្វដំរីបានឡើយ ព្រោះវាជាសត្វព្រៃស្ថិតក្រោមការអភិរក្ស និងការពារតាមច្បាប់។ ដូច្នេះ វិធានការដែលអនុវត្តគឺត្រឹមតែដេញបង្អើល ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងជំរុញឱ្យសត្វវិលត្រឡប់ទៅក្នុងព្រៃធម្មជាតិវិញប៉ុណ្ណោះ។

អត្ថបទ៖ តាតុងសែនជ័យ

Share.