ភ្នំពេញ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយលោកគ្រូ អ្នកគ្រូ ចុះធ្វើការផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងច្បាប់ចរាចរណ៍ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
កម្មវិធីនេះធ្វើឡើងក្រោមការអនុញ្ញាតពីលោក វរៈសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីលោកវរៈសេនីយ៍ត្រី ជឿន សារុំ អធិការរងទទួលផែនគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។



ក្នុងឱកាសនោះ កម្លាំងនគរបាល និងលោកគ្រូ អ្នកគ្រូ បានពន្យល់អំពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច (វ៉េប) ព្រមទាំងបញ្ហាក្មេងទំនើង និងសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍។
ជាមួយគ្នានេះ ក៏បានដាស់តឿនដល់សិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ន មិនឱ្យធ្លាក់ខ្លួនជាជនរងគ្រោះដោយសារគ្រឿងញៀន និងបារីអេឡិចត្រូនិច ត្រូវមានភាពរឹងមាំក្នុងការបដិសេធ (និយាយថា “ទេ”) ចំពោះអំពើទាំងនេះ ហើយផ្តោតលើការសិក្សា និងស្តាប់ការណែនាំពីឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ។
កម្មវិធីផ្សព្វផ្សាយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងការពារយុវជន មិនឱ្យជាប់ពាក់ព័ន្ធនឹងអំពើអវិជ្ជមាន ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមនាពេលអនាគត។
អត្ថបទ៖ តាតុងសែនជ័យ

