ព្រះវិហារ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន ៧នាក់ បានចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ព្រៃសហគមន៍បង្កនសែនជ័យ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយពីបណ្តាញសហគមន៍ព្រៃឡង់ និងសារព័ត៌មាន អំពីសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃល្បើក ក្នុងភូមិបង្កន ឃុំរៀបរយ។



ក្រោយការស្រាវជ្រាវ កម្លាំងឧទ្យានុរក្សបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ខណៈពេលកំពុងបើកគោយន្តកន្ត្រៃ ដឹកឈើអារលេខមួយ ប្រភេទសុក្រំ ចំនួន ២គ្រឿង។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន រណាយន្ត ១គ្រឿង និងអាវុធកែច្នៃប្រើហ្គាស ១ដើមផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានយកមករក្សាទុកនៅស្នាក់ការរងពើក ហើយកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់បន្ត។
អត្ថបទ៖ ចតុម្មុខ

