តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ លោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ។

ការពិភាក្សានាឱកាសនេះ ផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក បន្ថែមទៀត ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

ភាគីទាំងពីរបានសម្តែងការស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននាពេលថ្មីៗនេះក្នុងទំនាក់ទំនងទ្វេភាគី និងបានប្តេជ្ញាចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ ការពារជាតិ សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តឱ្យបានពេញលេញនូវឯកសារសំខាន់ៗដូចជា៖ បទឈប់បាញ់ពេញលេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដែលជាគោលជំហរអចិន្ត្រៃយ៍របស់កម្ពុជាក្នុងការកសាងសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនជាមួយប្រទេសជិតខាងផងដែរ៕

Share.