ក្រចេះ៖ ក្រុមការងារត្រួតពិនិត្យពិសេស បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៧ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ កាលពីវេលាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួង ដោយឯកឧត្តម ឯក រដ្ឋ បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីស្ថានីយជញ្ជីងកាំពី ចុះត្រួតពិនិត្យនៅចំណុចគីឡូម៉ែត្រលេខ៣៣០ ក្បែររង្វង់មូលខ្លាស្ទុះ។




ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យ និងរកឃើញយានយន្តចំនួន ២គ្រឿង ដែលមានបិទឡូហ្គោ TS ដឹកលើសទម្ងន់កំណត់យ៉ាងខ្លាំង។ រថយន្តទាំងពីរនោះ បានដឹកលើសចំនួន ២៤តោន និង ៣៣តោន ដែលស្មើនឹងប្រមាណ ៦០% និង ៧៣% នៃទម្ងន់អនុញ្ញាត។
សមត្ថកិច្ចបានអនុវត្តវិធានការតាមច្បាប់ចំពោះម្ចាស់ និងអ្នកបើកបរយានយន្តទាំងនោះ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលអាចបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍។
ក្រុមការងារបានបញ្ជាក់ថា នឹងបន្តពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបយ៉ាងតឹងរឹង នៅតាមបណ្តោយផ្លូវជាតិទូទាំងប្រទេស ដើម្បីធានាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។
អត្ថបទ៖ ចតុម្មុខ

