ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់ក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយខុសច្បាប់ជាបន្ទាន់។


រូបតំណាង
ន.ទ.ក. បានរកឃើញថា មានពាណិជ្ជករ និងតំណាងចែកចាយមួយចំនួន បាននាំចូល និងលក់ផលិតផលម៉ាក Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET ដោយពុំមានការអនុញ្ញាតស្របច្បាប់ពី ន.ទ.ក.។
តាមសេចក្តីជូនដំណឹង ក្រុមហ៊ុន និងអ្នកចែកចាយទាំងអស់ ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ QA និងចុះបញ្ជី Type Approval (TA) សម្រាប់ម៉ូដែលផលិតផលនីមួយៗ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង។


ន.ទ.ក. ក៏បានព្រមានថា ក្នុងករណីមិនអនុវត្តតាម នឹងត្រូវចាត់វិធានការតាមច្បាប់ ដូចជា រឹបអូសផលិតផល ផាកពិន័យ បិទគេហទំព័រផ្សព្វផ្សាយ និងអនុវត្តវិធានការផ្សេងៗទៀត៕
អត្ថបទ៖ កណ្តាល

