បាត់ដំបង៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅចំណុចក្រុមទី០២ ភូមិទួលធ្នង់ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ផាត់ ធា ភេទប្រុស អាយុ ៥៨ ឆ្នាំ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងដីស្រែ ខាងជើងផ្លូវជាតិលេខ ៥ ចម្ងាយ ១០ម៉ែត្រ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចបាន ចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញគ្រាប់យុទ្ធភ័ណ្ឌប្រភេទ ៦០ មីលីម៉ែត្រ (ផលិតនៅប្រទេសចិន) ចំនួន ០៦ គ្រាប់។ ដើម្បីសុវត្ថិភាព សមត្ថកិច្ចបានធ្វើការចងខ្សែហ៊ុមព័ទ្ធ និងដាក់ស្លាកសញ្ញាសម្គាល់ រួចរាយការណ៍ បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីយកទៅកម្ទេចចោលតាមបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬសំណល់ជាតិផ្ទុះផ្សេងៗ។ ប្រសិនបើប្រទះឃើញ សូមកុំប៉ះពាល់ ឬដំលេងឱ្យសោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ ចតុម្មុខ

Share.