ត្បូងឃ្មុំ៖ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងឡជីវឧស្ម័ន និងស្តាប់បទពិសោធន៍ប្រើប្រាស់ពីកសិករ នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ។

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានសាងសង់ឡជីវឧស្ម័នបង្ហាញចំនួន ៣៤ឡ និងឡដែលកសិករជាវបានចំនួន ១២៦ឡ ហើយគ្រោងសាងសង់បន្ថែម ៤៥០ឡទៀត ចាប់ពីខែកក្កដា ឆ្នាំ២០២៦។ឡជីវឧស្ម័ន ប្រើប្រាស់លាមកសត្វគោ ក្របី និងជ្រូក ដើម្បីផលិតឧស្ម័នសម្រាប់ចម្អិនអាហារ និងផលិតជីសរីរាង្គ។

កសិករដែលមានគោ ឬក្របី ចាប់ពី២ក្បាលឡើង អាចសាងសង់ឡចំណុះ ៤ម៉ែត្រត្រីគុណ ដែលអាចផ្គត់ផ្គង់ឧស្ម័នចម្អិនអាហារ ៣ពេលក្នុងមួយថ្ងៃ និងផ្តល់ជីសរីរាង្គប្រមាណ ១៥ទៅ២០តោនក្នុងមួយឆ្នាំ។គម្រោងនេះក៏ជួយកាត់បន្ថយការទិញហ្គាស និងជីគីមី ព្រមទាំងធ្វើឱ្យបរិស្ថាននៅជុំវិញលំនៅស្ថានស្អាត កាត់បន្ថយក្លិន និងហានិភ័យជំងឺផ្លូវដង្ហើម។

ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល កសិករចំណាយត្រឹម ១៥០ដុល្លារ ខណៈរដ្ឋជួយឧបត្ថម្ភបន្ថែម ១,០៥០ដុល្លារ សម្រាប់ការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្ត៍។

កសិករទទួលផល លោកស្រី តី រៀង និងលោកស្រី បែប ប៊ុនធឿន បានឱ្យដឹងថា ការប្រើប្រាស់ឡជីវឧស្ម័ន ជួយសន្សំថ្លៃទិញហ្គាស និងជីគីមីបានជាង ២លានរៀលក្នុងមួយឆ្នាំ និងអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានគោ ក្របី ចូលរួមប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថានដូចគ្នា៕

អត្ថបទ÷អាចារ្យលាក់

Share.