យោងតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មចុងក្រោយដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានជួបប្រទះនូវការប្រែប្រួលយ៉ាងខ្លាំង ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ នេះ។ បើទោះបីជាមានការរឹតបន្តឹងនៅតាមច្រកព្រំដែនគោកក៏ដោយ ក៏ទំហំពាណិជ្ជកម្មសរុបសម្រេចបានចំនួន ៩២៥.៤ លានដុល្លារអាមេរិក។

ទាក់ទិននឹងការធ្លាក់ចុះនៃការនាំចូលពីថៃ ក្នុងនោះរយៈពេលពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៦ ការនាំចូលទំនិញពីប្រទេសថៃមកកាន់កម្ពុជាមានតម្លៃប្រមាណ ៦៩០ លានដុល្លារ។ តួលេខនេះតំណាងឱ្យការធ្លាក់ចុះយ៉ាងគំហុកចំនួន ៤០.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ដែលមានតម្លៃរហូតដល់ ១,១៦៦ លានដុល្លារ។

ដោយឡែកសម្រាប់ខែមេសា ឆ្នាំ ២០២៦ តែមួយ ខណៈដែលមានបញ្ហាព្រំដែន ពាណិជ្ជកម្មទ្វេភាគីសម្រេចបានត្រឹមតែប្រហែល ២៣៩ លានដុល្លារ ប៉ុណ្ណោះ។ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសថៃក្នុងតម្លៃប្រមាណ ២៣៥.៤ លានដុល្លារ ក្នុងរយៈពេល ៤ ខែនេះដែលបង្ហាញពីការធ្លាក់ចុះប្រមាណ ២៨.៥% ផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចបានកត់សម្គាល់ថា ការខាតបង់ចំណែកទីផ្សាររបស់ថៃនៅក្នុងប្រទេសកម្ពុជា គឺបណ្តាលមកពីកត្តាសំខាន់ពីរគឺ ទីមួយគឺការរឹតបន្តឹងការដឹកជញ្ជូនតាមច្រកព្រំដែនគោក និងទីពីរគឺការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ក្នុងស្រុកដែលងាកទៅរកផលិតផលមកពីប្រទេសផ្សេងៗជំនួសវិញ។

ជាលទ្ធផល ថៃបានបាត់បង់ចំណូលពីការនាំចេញប្រមាណជាង ៤៧០ លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៤ ខែដំបូងនេះ បើធៀបនឹងសន្ទុះពាណិជ្ជកម្មកាលពីឆ្នាំមុន៕

Share.