ទោះបីជាអាជ្ញាធរថៃព្យាយាមបង្ហាញសមិទ្ធផលនៃការបង្ក្រាបយ៉ាងណាក៏ដោយ ក៏លំហូរនៃការប្រើប្រាស់ ជួញដូរគ្រឿងញៀននៅតែបន្តវាយលុកយ៉ាងខ្លាំង។ កាលពីទៀបភ្លឺថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ ប៉ូលិសថៃបានរឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកក (Crystal Meth) ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង ៥១៩គីឡូក្រាម នៅភាគខាងត្បូងប្រទេស។

ជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៤:១០នាទីទៀបភ្លឺ នៅក្បែរចំណុចត្រួតពិនិត្យ Pathomphon លើផ្លូវ Phetkasem ក្នុងខេត្តCHUMPHON។ ផ្លូវនេះត្រូវបានគេស្គាល់ថាជា សរសៃឈាមគោលសម្រាប់ក្រុមឧក្រិដ្ឋជនឆ្លងកាត់ទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ និងបន្តទៅកាន់ប្រទេសជិតខាង។
ប្រតិបត្តិការនេះដឹកនាំដោយឧត្តមសេនីយ៍ទោ Sitthichai Lokanphai មេបញ្ជាការប៉ូលិសភូមិភាគ៨។ ក្រៅពីថ្នាំញៀនកន្លះតោន ប៉ូលិសក៏បានរឹបអូសរថយន្តមួយគ្រឿង និងទូរស័ព្ទដៃចំនួន ២គ្រឿងផងដែរ។ ទោះបីជាការបង្ក្រាបនេះមើលទៅដូចជាជោគជ័យដ៏ធំ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីបញ្ហាអវិជ្ជមានជាច្រើនដែលកំពុងកើតមានក្នុងសង្គមថៃ។

ការដែលគ្រឿងញៀនជាង ៥០០គីឡូក្រាម អាចចរាចរណ៍ចូលមកដល់ខេត្តភាគខាងត្បូងបានយ៉ាងឆ្ងាយបែបនេះ បង្ហាញឱ្យឃើញថា ប្រព័ន្ធត្រួតពិនិត្យនៅតាមព្រំដែន និងតាមបណ្ដាខេត្តភាគខាងជើង ឬភាគកណ្ដាល នៅមានចន្លោះប្រហោងខ្លាំង ដែលអនុញ្ញាតឱ្យក្រុមជួញដូរដឹកជញ្ជូនទំនិញខុសច្បាប់រាប់រយគីឡូក្រាមឆ្លងកាត់បានយ៉ាងរលូន។
បរិមាណគ្រឿងញៀនដែលត្រូវបានបង្ក្រាបកាន់តែច្រើនឡើងៗ មិនមែនមានន័យថា គ្រឿងញៀនជិតអស់ពីប្រទេសថៃនោះទេ ប៉ុន្តែវាបង្ហាញថា តម្រូវការ និងផលិតកម្ម ក្នុងប្រទេសមួយនេះកំពុងកើនឡើងយ៉ាងគំហុក។ ថៃមិនត្រឹមតែជាកន្លែងប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាមជ្ឈមណ្ឌលផ្ទុក និងចែកចាយ (Logistics Hub) ដ៏សំខាន់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិ។

ការចាប់ខ្លួនបានត្រឹមតែអ្នកជួញដូរ ២នាក់ និងថ្នាំញៀនក្នុងទំហំប៉ុណ្ណោះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាការកាត់ផ្ដាច់មែកធាងតូចមួយតែប៉ុណ្ណោះ។ មហាជនតែងតែដាក់សំណួរថា តើនៅពេលណាទើបអាជ្ញាធរថៃអាចវែកមុខ «មេខ្លោងពិតប្រាកដ» ឬមន្ត្រីពុករលួយដែលនៅពីក្រោយខ្នងបណ្ដាញដ៏ធំសម្បើមទាំងនេះបាន?
បច្ចុប្បន្ន ជនសង្ស័យទាំង២ ត្រូវបានចោទប្រកាន់ពីបទ «រក្សាទុកគ្រឿងញៀន ដើម្បីចែកចាយដោយគ្មានការអនុញ្ញាត» ដែលជាបទល្មើសធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ដរាបណាប្រព័ន្ធគ្រប់គ្រង និងអំពើពុករលួយក្នុងជួរមន្ត្រីថៃមិនទាន់ត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធភាពទេនោះ ថ្នាំញៀនរាប់រយគីឡូក្រាមផ្សេងទៀតនឹងនៅតែបន្តហូរចូល និងបំផ្លាញសន្តិសុខក្នុងតំបន់ជាក់ជាមិនខាន៕

