សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ជំនួបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី Bridgette L. Walker ជិតបញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាយ៉ាងស្វាហាប់អំពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងសមិទ្ធផលជាប្រវត្តិសាស្ត្រដែលកម្ពុជា និងសហរដ្ឋអាមេរិកបានសម្រេចរួមគ្នាក្នុងរយៈពេលកន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗមួយចំនួនដែលបង្ហាញពីភាពរឹងមាំនៃភាពជាដៃគូរវាងប្រទេសទាំងពីរ៖

១.ខួប ៧៥ឆ្នាំនៃមិត្តភាព៖ ក្នុងឆ្នាំ២០២៥ កម្ពុជា និងសហរដ្ឋអាមេរិក បានអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីដំណើរដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាព សន្តិភាព និងវឌ្ឍនភាពរួមគ្នា។

២.ការបន្តឡើងវិញលើវិស័យការពារជាតិ៖ ទំនាក់ទំនងផ្នែកការពារជាតិរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំឡើងវិញ ដោយគួរកត់សម្គាល់ជាពិសេស ការចូលចតនៅកំពង់ផែព្រះសីហនុរបស់នាវា USS Savannah កាលពីខែធ្នូ ឆ្នាំ២០២៤ និងការចតជាប្រវត្តិសាស្ត្ររបស់នាវា USS Cincinnati នៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខែមករា ឆ្នាំ២០២៦។

៣.កំណើនផ្នែកពាណិជ្ជកម្ម៖ ការនាំចេញទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជា បានកើនឡើងរហូតដល់ ៩៦% ត្រឹមខែធ្នូ ឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីមានការអនុវត្តអត្រាពន្ធ ០% លើមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក។

៤. ភាពជាដៃគូផ្នែកសុខាភិបាល៖ តាមរយៈអនុស្សារណៈយោគយល់គ្នាលើវិស័យសុខាភិបាល ដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០២៦ កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបានជោគជ័យក្នុងការលុបបំបាត់ការឆ្លងជំងឺគ្រុនចាញ់ តាំងពីខែកញ្ញា ឆ្នាំ២០២៥។

៥.សន្តិភាព និងស្ថិរភាព៖ សហរដ្ឋអាមេរិកកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាស្ថិរភាពក្នុងតំបន់ តាមរយៈក្រុមប្រឹក្សាសន្តិភាព។

នៅក្នុងជំនួបនោះ លោកស្រី Bridgette L. Walker បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកស្រីបានសម្ដែងនូវសុទិដ្ឋិនិយមចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក ដែលបន្តរីកចម្រើនជាវិជ្ជមានទៅមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ លោកស្រី Walker ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបានជូនពរ លោកស្រី និងក្រុមគ្រួសារ ទទួលបានជោគជ័យបន្ថែមទៀតក្នុងអាជីពការទូតនាពេលខាងមុខ៕

Share.