កំពង់ចាម៖ ជនជាតិចិនចំនួន១៣នាក់ និងអ្នកបើករថយន្តជនជាតិខ្មែរ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ស្ទាក់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោយសង្ស័យពាក់ព័ន្ធសកម្មភាព Scam Online និងស្នាក់នៅដោយគ្មានឯកសារត្រឹមត្រូវ។

យោងតាមសមត្ថកិច្ច ជនជាតិចិនទាំងនេះធ្វើដំណើរតាមរថយន្តអាល់ផាត២គ្រឿង ពណ៌ខ្មៅ ដោយធ្វើដំណើរចេញពីភ្នំពេញ ព្រះសីហនុ និងតំបន់ប៉ោយប៉ែត។ ក្រោយការសាកសួរ សមត្ថកិច្ចរកឃើញថា មានតែ៣នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន ខណៈអ្នកផ្សេងទៀតមិនមានឯកសារត្រឹមត្រូវ។

សមត្ថកិច្ចបានបញ្ជាក់ថា មានជនជាតិចិនម្នាក់ឈ្មោះ JING ZE ជាអ្នកសម្របសម្រួលការធ្វើដំណើររបស់ក្រុមនេះ ទៅកាន់ខេត្តក្រចេះ។ បច្ចុប្បន្ន ជនសង្ស័យទាំង១៣នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ÷កណ្តាល

Share.