ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scam មួយកន្លែង នៅសង្កាត់វាលស្បូវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ និងដកហូតសម្ភារអេឡិចត្រូនិចជាច្រើន ព្រមទាំងអាវុធខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលពីតំណាងអយ្យការ។ ទីតាំងដែលត្រូវបានចុះឆែកឆេរ ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៩នាក់ មានជនជាតិចិន៨នាក់ និងជនជាតិវ៉ានូអាទូម្នាក់។ វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃ៤១គ្រឿង កុំព្យូទ័រ Laptop ៧គ្រឿង កាំភ្លើង១ដើម និងគ្រាប់កាំភ្លើង៤៩គ្រាប់។

តាមការស៊ើបអង្កេតបឋម ទីតាំងនេះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ខណៈជនសង្ស័យខ្លះបានព្យាយាមបំផ្លាញវត្ថុតាង មុនពេលសមត្ថកិច្ចធ្វើប្រតិបត្តិការបង្រ្កាប។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ÷កណ្តាល

Share.