អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញសីលធម៌សង្គម បានបង្ហាញទស្សនៈស្របគ្នាថា ទោះបីច្បាប់កាតព្វកិច្ចយោធាមិនមែនជាវិធានការបង្ក្រាបក្មេងទំនើងដោយផ្ទាល់ ប៉ុន្តែវាគឺជាសាលាបណ្តុះបណ្តាលវិន័យដ៏មានប្រសិទ្ធភាព ដើម្បីផ្លាស់ប្តូរឥរិយាបថយុវជនឱ្យក្លាយជាពលរដ្ឋល្អ និងជាកម្លាំងចលករដ៏រឹងមាំក្នុងការការពារមាតុភូមិ។

ទោះបីច្បាប់ស្តីពីកាតព្វកិច្ចយោធាមិនមែនជាវិធានការទប់ស្កាត់សកម្មភាពក្មេងទំនើងដោយផ្ទាល់ ក៏ប៉ុន្តែវានឹងជះឥទ្ធិពលដោយប្រយោលដល់ក្មេងជំទង់ដែលឈានចូលវ័យពេញវ័យ ឱ្យភ្ញាក់រលឹកបញ្ឈប់រាល់អំពើអសកម្ម ឬសកម្មភាពអនាធិបតេយ្យ និងកសាងខ្លួនឱ្យក្លាយជាមូលធនមនុស្សរបស់ជាតិ។ ជាមួយគ្នានេះ កាតព្វកិច្ចយោធានឹងជួយបណ្តុះស្មារតីស្នេហាជាតិមាតុភូមិដល់ក្មេងៗជំនាន់ក្រោយ ហើយពួកគេនឹងក្លាយជាពលរដ្ឋល្អនាពេលអនាគត។ នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកសីលធម៌សង្គម យល់ឃើញថា ការភ្ជាប់បញ្ហាក្មេងទំនើងទៅនឹងកាតព្វកិច្ចយោធាហាក់ដូចជាមិនសូវស៊ីគ្នាក៏ពិតមែន ប៉ុន្តែជារួមកាតព្វកិច្ចយោធានឹងជួយហ្វឹកហ្វឺនយុវជនទាំងអ្នកមានចរិតល្អ និងមិនសូវល្អ ឱ្យពួកគេហាត់ពុតលុតដំទាំងកាយសម្បទា និងស្មារតី ដើម្បីត្រៀមខ្លួនជានិច្ចសម្រាប់បុព្វហេតុការពារជាតិ។ លើសពីនេះ កាតព្វកិច្ចយោធាគឺជាបំណិនជីវិត និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ពលរដ្ឋ។

តាមការកត់សម្គាល់របស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) យុវវ័យដែលពាក់ព័ន្ធនឹងសកម្មភាពក្មេងទំនើងភាគច្រើនមានអាយុចន្លោះពី ១៤ ទៅ ២០ ឆ្នាំ។ ពួកគេភាគច្រើនជាសិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ប៉ុន្តែអ្នកខ្លះបានបោះបង់ការសិក្សា ដោយឡែកមិនសូវមានអ្នកដែលបានចូលរៀនសាកលវិទ្យាល័យ ឬជំនាញវិជ្ជាជីវៈផ្សេងៗឡើយ។ ដូច្នេះ វាសបញ្ជាក់ឱ្យឃើញថា ការអប់រំបានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់អត្តចរិតមនុស្ស។
ចំពោះកាតព្វកិច្ចយោធា វាជារបបបង្ខំឱ្យក្រុមមនុស្សដែលច្បាប់បានកំណត់ (អាយុ ១៨-២៥ ឆ្នាំ) ចូលហាត់ពុតលុតដំខ្លួនតាមក្រឹត្យក្រមវិន័យ ដោយកាត់ផ្តាច់ពួកគេចេញពីកត្តាអូសទាញទៅរកអបាយមុខ ដូចជា អំពើហិង្សា សកម្មភាពអនាធិបតេយ្យ និងអំពើពាលាអាវាសែនានា។ លោកបណ្ឌិតទាំងពីរបានគូសរំលេចស្រដៀងគ្នាថា កន្លងមកប្រមុខរាជរដ្ឋាភិបាលបានចង្អុលបង្ហាញឱ្យសិក្សាផ្លូវច្បាប់ ដើម្បីចាត់វិធានការបញ្ជូនក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាន ទៅជួយការងារសំណង់ការពារជាតិ ដូចជាការធ្វើលេណដ្ឋាននៅតាមព្រំដែនជាដើម។ ប្រសិនបើវិធានការនេះលេចចេញជារូបរាងពិតប្រាកដ វានឹងក្លាយជាឧបករណ៍សម្រាប់អប់រំកែប្រែក្មេងទំនើងឱ្យដើរតាមមាគ៌ាត្រឹមត្រូវវិញ។

ថ្លែងនៅចំពោះមុខតំណាងរាស្ត្រ ១១៤ រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី ៧ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីអត្ថប្រយោជន៍ចំនួន ៣ ធំៗ ដែលបានមកពីការអនុវត្តកាតព្វកិច្ចយោធារួមមាន៖ ១. ពង្រឹងខឿនការពារជាតិដ៏រឹងមាំ និងមានសមត្ថភាពឆ្លើយតបគ្រប់កម្រិត និងទាន់ពេលទៅនឹងសេចក្តីត្រូវការ ជាពិសេសការគំរាមកំហែងពីខាងក្រៅ។ ២. យុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ នឹងក្លាយជាពលរដ្ឋមានកាយសម្បទារឹងមាំ មានការអប់រំផ្លូវចិត្តប្រកបដោយសីលធម៌ និងឥរិយាបថល្អ។ ៣. សង្គមជាតិពោរពេញដោយយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំងចលករប្រកបដោយថាមពល និងស្មារតីស្នេហាជាតិ៕

