ដំណឹងអំពីការផ្លាស់ប្ដូវភារកិច្ចប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ធ្លាយចេញជាសាធារណៈបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មយ៉ាងខ្លាំងទាក់ទងនឹងមន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ។

លោក គឹម ប្រុស ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.) ខេត្តបាត់ដំបង ត្រូវបានផ្ទេតួនាទីឱ្យទៅបំពេញការងារពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃធុរកិច្ច នៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម។ នេះបើយោតាមលិខិតបង្គាប់ការដែលអគ្គនាយកដ្ឋាន ក.ប.ប. បានប្រកាសជាសាធាណៈនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ ២០២៦នេះ។

អគ្គនាយកដ្ឋានបានចាត់តាំងលោក ចេង ជីវ័ន្ត ដែលជាអនុប្រធានសាខា ទទួលភារកិច្ចជូនជាប្រធានស្តីទីសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប) ខេត្តបាត់ដំបង។

ទោះបីជាលិខិតបង្គាប់ការបានចុះកាលបរិច្ឆេទផ្លូវការនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ក៏ពិតមែន ប៉ុន្តែលិខិតនេះត្រូវបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៤ ខែឧសភា ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកនាំពាក្យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារបង្ហើបពីប្រសាសន៍របស់សម្ដេច អំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តស្វាយរៀង ដែលមានខ្លឹមសារថា៖ «សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។»

សូមជម្រាបថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តស្វាយរៀងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងនឹងមន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ។ សម្តេចបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈដែលជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។

គួររំឭកផងដែរថា កាលពីអំឡុងដើមខែឧសភាកន្លងទៅ លោក គឹម ប្រុស ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.) ខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំង អាជីវកលក់ទុរេន នៅផ្សារភួពុយ បន្ទាប់ពីលិចឮ តាមបណ្តាញសង្គមហ្វេសប៊ុកថា មានអាជីវកនាំទុរេន ពីប្រទេសថៃ មកលក់។ នៅអឡុងពេលចចុះពិនិត្យនោះ លោប្រធាន ក.ប.ប បាត់ដំបងបានអះអាងថា មិនមានករណីនាំទុរេន ពីប្រទេសថៃ ចូលមកលក់នោះឡើយ។ ទុរេនដែលដាក់លក់នៅផ្សារភូពុយទាំងនោះ អាជីវករនាំយកមកពីខេត្តកំពង់ចាម៕

Share.