បាត់ដំបង÷ ប្រធានសាខា កបប ខេត្តបាត់ដំបង ត្រូវបានផ្លាស់ប្តូរចេញក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គមក្នុង និងក្រៅស្រុកជុំវិញករណីទុរេនថៃមានដាក់លក់នៅក្នុងទីផ្សារភូពុយជាទីផ្សារដ៏ធំកណ្តាលក្រុងបាត់ដំបង។

នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចេញលិខិតបង្គាប់ការមួយច្បាប់ដោយយោងតាមភាពចាំបាច់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបង្គាប់ បានចាត់តាំងលោក គឹម ប្រុស ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង ឲ្យទៅជួយការងារពាក់ព័ន្ធ និងការរួមបញ្ចូលគ្នានៃធុរ:កិច្ចនៅឯអគ្គនាយកដ្ឋានវិញ។

ស្របគ្នានឹងការផ្លាស់ប្តូរមុខតំណែងអតីតប្រធានសាខា កបប ខេត្តបាត់ដំបងនេះ ក៏ត្រូវបានប្រគល់ភារកិច្ចឲ្យលោក ចេង ជីវ័ន្ត ជាអនុប្រធាន មកជាប្រធានស្តីទីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង ជំនួសលោក គឹម ប្រុស។

ការកែសម្រួលមុខតំណែងមន្ត្រី កបប ខាងលើនេះមហាជនទូទៅកំពុងតែសង្កេតការរងចាំមើល និងសាទរយ៉ាងខ្លាំងដោយសារបានខឹងសម្បានឹងទាហានសៀមរំលោភច្បាប់អន្តរជាតិ ឈ្លានពានមកលើបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា ថែមទាំងបានបាញ់សម្លាប់ជនស៊ីវិល រួមទាំងកុមារស្លូតត្រង់ ពិសេសវីរ:កងទ័ពកម្ពុជាជាច្រើននាក់ផងដែរ៕

អត្ថបទ: ដំបងក្រញូង

Share.