ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះជន្មាយុគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។

ពិធីនេះ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ យុវជន ស.ស.យ.ក និងសិស្សនិស្សិតជាច្រើនរូប។ក្នុងឱកាសនោះ ព្រះសមាធិធម្ម យិត្ត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ បានដឹកនាំព្រះសង្ឃប្រារព្ធពិធីសូត្រមន្ត ថ្វាយព្រះពរជ័យ សូមឲ្យព្រះមហាក្សត្រ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ ព្រះជន្មាយុយឺនយូរ និងព្រះបញ្ញាញាណភ្លឺថ្លា។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានអានសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ដោយសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាករុណាទិគុណរបស់ព្រះមហាក្សត្រ ដែលតែងលះបង់ព្រះកាយពល ដើម្បីជាតិមាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានសម្តែងការកោតសរសើរចំពោះព្រះរាជសកម្មភាពមនុស្សធម៌របស់ព្រះអង្គ ដែលតែងជួយលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

អត្ថបទ÷អាចារលាក់

Share.