ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា បានផ្ដួចផ្ដើមរៀបចំកម្មវិធីជួបជុំ ពិសាអាហារសាមគ្គី និងរាំកម្សាន្តសប្បាយ ជូនដល់វីរៈកងទ័ពជួរមុខទិសថ្មដា ដើម្បីបង្កើនទឹកចិត្ត និងបំបាត់ភាពនឿយហត់ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។




ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការនឹករលឹក និងកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។




ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋ។





ជាមួយគ្នានេះ ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋទាំងមូល នឹងបន្តគាំទ្រទាំងសម្ភារៈ ថវិកា និងស្មារតី ដល់កងកម្លាំងជួរមុខជានិច្ច ក្នុងស្មារតី “ខ្មែរតែមួយ”។ក្រៅពីកម្មវិធីជួបជុំសាមគ្គី ក៏មានការច្រៀងរាំកម្សាន្តយ៉ាងសប្បាយរីករាយ បង្កើតបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹមជូនដល់កងកម្លាំងទាំងអស់ផងដែរ៕





អត្ថបទ÷ពោធិ៍សាត់
