ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ១៣ ឧសភា ២០២៦ កន្លងទៅថា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារចិនសរុបចំនួន ១២៩.៣៣២ តោន ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ នេះ។ នេះជាការកើនឡើងយ៉ាងខ្លាំងប្រចាំឆ្នាំរហូតដល់ ៨៣% ដោយមានតម្លៃនាំចេញសរុប ៧៥.៨៨ លានដុល្លារអាមេរិក។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពរស់រវើកមួយដែលបង្ហាញពីគុណភាព និងកេរ្តិ៍ឈ្មោះរបស់អង្ករខ្មែរនៅលើឆាកអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា កំណើនដ៏គួរឱ្យកត់សម្គាល់នេះ គឺជាផ្លែផ្កានៃកិច្ចព្រមព្រៀងអាទិភាពពាណិជ្ជកម្មដ៏មានប្រសិទ្ធភាព រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)។
ឯកឧត្តមបានមានប្រសាសន៍ថា «កំណើនដ៏ខ្លាំងក្លានេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីរបៀបដែល RCEP និង CCFTA កំពុងជួយជំរុញការធ្វើពាណិជ្ជកម្មកសិកម្មរបស់កម្ពុជាឱ្យរីកចម្រើនយ៉ាងខ្លាំងក្លា»។
ការកើនឡើងនៃការនាំចេញអង្ករទៅកាន់ប្រទេសចិន បានឆ្លុះបញ្ចាំងពីផលប្រយោជន៍កាន់តែច្រើនឡើងៗពីការរៀបចំអាទិភាពពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ដែលបានបើកផ្លូវទូលំទូលាយសម្រាប់ផលិតផលកសិកម្មខ្មែរចូលទៅកាន់ទីផ្សារចិនដ៏ធំសម្បើម។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានលើកឡើងថា ការកើនឡើងនេះមិនត្រឹមតែជាផ្លែផ្កានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កសិករ អ្នកកិនស្រូវ និងពាណិជ្ជករខ្មែរ ក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងស្តង់ដារអង្ករខ្មែរឱ្យស្របតាមតម្រូវការទីផ្សារអន្តរជាតិ។
សូមជម្រាបថា អង្ករខ្មែរ ជាពិសេសអង្ករសែនក្រអូបរបស់កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់មាសពីប្រទេសចិន នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១។ ការទទួលបានទំនុកចិត្តពីទីផ្សារចិន គឺជាជំហានថ្មីមួយទៀតដែលបញ្ជាក់ថា «ស្រូវអង្ករខ្មែរគឺល្អពិសិដ្ឋ»។ វិស័យនាំចេញអង្ករកម្ពុជាកំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅកាន់គោលដៅនាំចេញ ១ លានតោននៅពេលខាងមុខ ដោយមានការគាំទ្រពីរដ្ឋាភិបាល និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចិន៕

