កំពត៖ អាជ្ញាធរខេត្តកំពត បានចុះបង្ក្រាបទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង បន្ទាប់ពីរកឃើញសកម្មភាពបន្លំផ្លាស់ប្តូរសំបកបាវ ដើម្បីបំភាន់ប្រភពទំនិញលើទីផ្សារ។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីកម្លាំងចម្រុះ រួមមាន នគរបាល កងរាជអាវុធហត្ថ គយ ក.ប.ប មន្ទីរពាណិជ្ជកម្ម អាជ្ញាធរស្រុក និងតំណាងអយ្យការ។

ទីតាំងខាងលើស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ តាមការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញថា ម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករស ដែលមានអក្សរថៃ (ជាប្រភពដើម) មកច្រកក្នុងសំបកបាវថ្មីដែលមានអក្សរវៀតណាមវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។

ជុំវិញករណីនេះ ឯកឧត្តម ម៉ៅ ធនិន បានដាក់ចេញវិធានការម៉ឺងម៉ាត់ ដោយបង្គាប់ឱ្យម្ចាស់សិប្បកម្ម ត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន មុនអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។

បន្ថែមពីនេះ សមត្ថកិច្ចក៏បានហៅអ្នកដែលបានមកទិញស្ករសពីទីតាំងនេះ និងអ្នកពាក់ព័ន្ធផ្សេងៗ មកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តស្រាវជ្រាវរកខ្សែរយៈពាក់ព័ន្ធបន្ថែម។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿង និងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ។

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.